អាកាសយានដ្ឋានក្រុងព្រះសីហនុបានឈានដល់កម្រិត 4E ដែលអាចអនុញ្ញាត្តឲ្យយន្តហោះធំៗចុះចតបាន

0

ដោយៈ គង់ ម៉ាលីន

ព្រះសីហនុៈ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងកែលម្អអភិវឌ្ឍតាមជំហ៊ាន ឬដំណាក់កាលគម្រោង នូវហេដ្ឋារចនាសម្ព័ន្ធខ្លួនដើម្បីពង្រឹងសមត្ថភាព រហូតដល់កម្រិតលំដាប់ថ្នាក់អន្ដរជាតិ 4E និងពង្រីកពង្រីកប្រចែងផ្លូវរត់បានជាង៣.០០០ម៉ែត្រ វែងជាងគេនៅក្នុងចំណោម អាកាសយានដ្ឋានធំៗទាំងបីនៅកម្ពុជា។

នាយកអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ លោក វ៉ាន់ ណូរ៉ាក់ បានមាន​ប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ មិថុនាកន្លងមកថា ការវិវត្តន៍រីកចំរើនរបស់វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាពេលកន្លងមក ទាំងការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រមទាំងកំណើននៃជើងហោះហើរ និងអ្នកដំណើរឆ្លងកាត់ ក្នុងមួយថ្ងៃៗ មានជើងយន្តហោះចុះចត និងហោះហើរឆ្លងកាត់យ៉ាងតិច១៥គ្រឿង។

- Video Advertisement -

ប៉ុន្តែដោយសារវិបត្ដិជំងឺកូវីដ-១៩ បានកំពុងយាយីពិភពលោក បានធ្វើឱ្យការហោះហើរទាំងអន្ដរជាតិ និងក្នុងតំបន់ ត្រូវបានកំណត់កម្រិត និងផ្អាក ដែលធ្វើឱ្យជើងហោះហើរ និងអ្នកដំណើរឆ្លងកាត់មានការធ្លាក់ចុះ។ ជាក់ស្ដែងរយៈពេល៤ខែ នៅក្នុងឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ មានជើងហោះហើរសរុបចំនួន២៨៨ជើង និងអ្នកដំណើរឆ្លងកាត់សរុបចំនួន១១.៣៦០នាក់ ធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅក្នុងឆ្នាំ២០២០ គឺមានជើងហោះហើរសរុបចំនួន២.៥២៩ជើង និងអ្នកដំណើរឆ្លងកាត់សរុបចំនួន១៨២.៤៩០នាក់។

លោកវ៉ាន់ ណូរ៉ាក់បានបន្ដថា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ តម្រូវឱ្យក្រុមហ៊ុនSCA រៀបចំអភិវឌ្ឍន៍ព្រលានយន្តហោះ តាមកិច្ចព្រមព្រៀងឲ្យទៅជាព្រ លានយន្តហោះលំដាប់ស្ដង់ដារអន្ដរជាតិ4E ។

អាកាសយានដ្ឋាននេះ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់តាមដំណាក់កាល ដោយពង្រីកចាប់ពីចម្ងាយផ្លូវរត់ប្រវែង១.៨០០ម៉ែត្រ រហូតមកដល់លំដាប់ C4 ដែលមានប្រវែងផ្លូវរត់២.៥០០ម៉ែត្រ នឹងបន្ដពង្រីកបន្ថែមរហូតដល់លំដាប់4E ដែលមានប្រវែង៣.៣០០ម៉ែត្រ និងទទឹង៤៥ម៉ែត្រ លំដាប់អន្ដរជាតិ ដែលអាចទទួលយន្ដហោះខ្នាតធំៗ ចុះចត និងរត់ហោះហើយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here