កន្លែងសម្រាកលម្ហែកាយនៅតំបន់ជាប់មាត់ព្រែកកំពតកើនឡើងជាង៤០០០បន្ទប់ជាមួយធម្មជាតិដ៏ទាក់ទាញ

0

ដោយៈតារា

កំពតៈ ជាមួយនឹងទឹកថ្លាខៀវស្រងាត់ អមដោយដើមចាកយោលយោគតាមខ្យល់ ពិសេសទេសភាពដ៏ទាក់ទាញ បានធ្វើឲ្យមាត់ព្រែកកំពតក្លាយជាកន្លែងសំរាកលំហែរកាយដ៏ពេញនិយមមួយសំរាប់ចុងសប្តាហ៍៍។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទោះឋិតក្នុងអំឡុងវិបត្តិកូវីដ-១៩ ប៉ុន្តែ កន្លែងសម្រាកលម្ហែនៅតំបន់ជាប់មាត់ព្រែក ត្រូវបានសាងសង់ក្នុងចំនួនកើនឡើង។ តាមការប៉ាន់ស្មានបន្ទប់ស្នាក់នៅអាចកើនពីជាងបួនពាន់បន្ទប់ នាពេលបច្ចុប្បន្ន ទៅជាងប្រាំពីរពាន់បន្ទប់ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។

លោកបានឱ្យដឹងថា “ទោះស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ខេត្តកំពតនៅតែទទួលបានភ្ញៀវច្រើន។ ចំណែកអ្នកវិនិយោគលើវិស័យទេសចរណ៍ជាច្រើន បាននឹងកំពុងរៀបចំកន្លែងផ្តល់សេវាទេសចរណ៍នានា ខ្លះជិតរួច ខ្លះរួចរាល់ហើយ ប៉ុន្តែមិនទាន់សុំលិខិតអនុញ្ញាតបើកធ្វើអាជីវកម្ម”។

លោកសយ ស៊ីណុលបានបញ្ជាក់ថា តំបន់អមសងខាងព្រែក នឹងមានរមណីយ ដ្ឋាន រីស៊ត បឹងហ្គាឡូ ភោជនីយដ្ឋាន កន្លែងកម្សាន្តផ្សេងៗកាន់តែស្អាត កាន់តែធំ កាន់តែសម្បូរបែប ខណៈសកម្មភាពរៀបចំកែលម្អែ ការសាងសង់រីសត សណ្ឋាគារ បឹងហ្គាឡូ វីឡាថ្មីៗជាច្រើន នៅតែបន្តធ្វើ ជាពិសេសតំបន់ក្បែរៗ និងជាប់មាត់ព្រែកកំពត។

តាមការព្យាករ តំបន់នេះ នឹងក្លាយទៅជាបណ្តុំសម្រាកលម្ហែដ៏ពេញនិយម និងប្រកួតប្រជែងបំផុតរបស់ខេត្តកំពត។

ក្រុមអ្នកវិនិយោគបង្កើតទីតាំងសម្រាកលម្ហែ នៅតាមមាត់ព្រែកកំពត បានបញ្ជាក់ថា មាត់ព្រែកនេះ ជាទីកន្លែងមួយដ៏ស្រស់ស្អាត មានបរិយាកាសល្អ ខ្យល់បរិសុទ្ធបក់មកពីសមុទ្រ តំបន់ភ្នំបូកគោ និងភ្នំកំចាយ ដែលនៅក្បែរនោះ។ ព្រែកនេះ គឺចំណែកមួយដ៏សំខាន់បំផុតក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តកំពត។

ពួកគេបានបញ្ជាក់ទៀតថា ដោយសារការរៀបចំកែលម្អ និងច្នៃប្រឌិតកន្លែងស្នាក់នៅឲ្យប្លែកបែបធម្មជាតិ និងមានលក្ខណៈស្តង់ដាផង ទើបធ្វើឲ្យភ្ញៀវ និងអ្នកវិនិយោគជាច្រើន មិនអាចមើលរំលងតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here