ដោយៈសុខុម
ភ្នំពេញ: ទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ នូវសណ្ឋាគារអាំងទែកង់ទីណង់តាល់ (InterContinental) លំដាប់ផ្កាយ5 ដ៏ល្បីល្បាញដែលស្ថិតនៅប៉ែកខាងត្បូង នៃផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែតើអ្នកដឹងទេថា ម៉ាកយីហោ (Brand) នៃសណ្ឋាគារនេះ មានប្រភពដើមចេញពីណា ហើយនរណាជាម្ចាស់ម៉ាកយីហោសណ្ឋាគារ ដ៏ល្បីល្បាញមួយនេះ និងមានប្រវត្តិបែបណា? បើចង់ជ្រាបច្បាស់ សូមមកស្វែងយល់ទាំងអស់គ្នា!។
InterContinental Hotels Group plc ឬ IHG Hotels & Resorts គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចរបស់អង់គ្លេស ដែលមានទីស្នាក់ការកណ្ដាលនៅ Denham តំបន់ Buckinghamshire ក្នុងប្រទេសអង់គ្លេស។ ក្រុមហ៊ុននេះ ត្រូវបានចុះបញ្ជីនៅលើផ្សារភាគហ៊ុនទីក្រុងឡុងដ៍ London Stock Exchange និងផ្សារភាគហ៊ុន FTSE 100 Index។
*ប្រវត្តិ
តាមពិតទៅ ប្រភពដើមនៃអាជីវកម្មនេះ មានតាំងពីឆ្នាំ១៧៧៧ មកម៉្លេះដោយមានឈ្មោះថា Bass Hotels នៅពេលលោក William Bass ដែលជាសហគ្រិនជនជាតិអង់គ្លេស បានបង្កើតក្រុមហ៊ុនផលិតស្រាបៀរមានឈ្មោះថា Bass Brewery នៅ Burton-upon-Trent តំបន់ Staffordshire។
ក្នុងឆ្នាំ១៨៧៥ ឡូហ្គោ (Logo) រាងត្រីកោណរបស់ក្រុមហ៊ុននេះ បានក្លាយជាម៉ាកយីហោដំបូងបង្អស់ ដែលត្រូវបានចុះបញ្ជីនៅប្រទេសអង់គ្លេស។
ក្រោយមកក្រុមហ៊ុននេះ បានប្ដូរឈ្មោះថ្មី ហើយនៅឆ្នាំ១៩៦៩ លោក Bass Charrington បានបង្កើតម៉ាកយីហោសណ្ឋាគារ Crest Hotels។
ក្នុងឆ្នាំ១៩៨៨ រដ្ឋាភិបាលអង់គ្លេស បានកំណត់ចំនួន Pub (ត្រៀមស្រា) ដែលមានតែអ្នកបិតស្រាប៉ុណ្ណោះ ដែលអាចបើកតៀមស្រាបាន។ កត្តានេះ បានជំរុញឱ្យលោក Bass Charrington បោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកអាជីវកម្មសណ្ឋាគាររបស់ខ្លួន ហើយពេលនោះឯង ដែលក្រុមហ៊ុនរបស់លោក បានទិញយកម៉ាកយីហោសណ្ឋាគារ Holiday Inn International ពីបណ្ដាភាហ៊ុនិក។
*InterContinental
បុរសជនជាតិអាមេរិក ម្នាក់ឈ្មោះJuan Trippe ដែលជាស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍អាមេរិក Pan American Airways ឬ Pan Am បានបង្កើតខ្សែសង្វាក់សណ្ឋាគារ American Intercontinental Hotels ជាបុត្រសម្ព័ន្ធមួយរបស់ Pan Am ហើយបានបើកសណ្ឋាគារដំបូងនៅ Belém ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៤៦។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៨១ ក្រុមហ៊ុន Pan Am បានលក់ក្រុមហ៊ុន Inter-Continental Hotels Corporation (IHC) ឱ្យទៅក្រុមហ៊ុន Grand Metropolitan ដែលមានមូលដ្ឋាន នៅប្រទេសអង់គ្លេស ក្នុងតម្លៃ៥០០លានដុល្លារ។
នៅពេលក្រុមហ៊ុន Grand Metropolitan ផ្ដោតលើអាជីវកម្មស្នូលរបស់ខ្លួន ហើយបានពង្រីកចូល ក្នុងវិស័យអាហារសម្រន់ឆាប់រហ័ស(Fast Food) តាមរយៈការទិញយកក្រុមហ៊ុន Burger King ក្រុមហ៊ុននេះក៏បានលក់ក្រុមហ៊ុន Inter-Continental Hotels Corporation (IHC) ឱ្យទៅក្រុមហ៊ុន Saison Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៨៨។
នៅខែមីនា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Saison Group បានលក់ក្រុមហ៊ុន Inter-Continental Hotels Corporation (IHC) ឱ្យទៅក្រុមហ៊ុនផលិតស្រាបៀរអង់គ្លេស Bass Brewery។ ក្នុងឆ្នាំ២០០០ ក្រុមហ៊ុនBass Brewery ក៏បានលក់ទ្រព្យសកម្មផលិតស្រាបៀររបស់ខ្លួន (និងសិទ្ធិប្រើឈ្មោះ Bass) ឱ្យទៅក្រុមហ៊ុនផលិតស្រាបៀរបែលហ្ស៊ិក ក្នុងតម្លៃ៣,២៦ពាន់លានដុល្លារ ហើយបានប្ដូរឈ្មោះថា Six Continents។
ក្នុងឆ្នាំ២០០៣ ក្រុមហ៊ុនឯករាជ្យ InterContinental Hotels Group (IHG) ត្រូវបានបង្កើតឡើង ក្រោយពីក្រុមហ៊ុនSix Continents បានបំបែកជា២គឺ៖ ក្រុមហ៊ុន Mitchells & Butlers គ្រប់គ្រងទ្រព្យសកម្មភោជនីយដ្ឋាន។ ចំណែកឯក្រុមហ៊ុន InterContinental Hotels Group (IHG) គ្រប់គ្រងសណ្ឋាគារ និងភេសជ្ជៈ។
នៅខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនបានរងការវាយប្រហារពីក្រុមហ៊ែគឃើ (Hacker) ដែលបានលួចយកព័ត៌មានលម្អិត អំពីប័ណ្ណឥណទាន (Credit Card) របស់ខ្លួន។
នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន InterContinental Hotels Group (IHG) បានប្រកាសការខាតបង់ប្រចាំឆ្នាំចំនួន១៥៣លានដុល្លារ ដោយសារវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
*ប្រតិបត្តិការ
ក្រុមហ៊ុន InterContinental Hotels Group (IHG) មានការិយាល័យក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។ គិតត្រឹមឆ្នាំ២០២១ ក្រុមហ៊ុន InterContinental Hotels Group (IHG) មានសណ្ឋាគារជាង៥.៤០០កន្លែង ដោយក្នុងនោះសណ្ឋាគារចំនួន៤.៤៣៣កន្លែង ត្រូវបានដំណើរការក្រោមកិច្ចព្រមព្រង Franchise (លក់សិទ្ធិអាជីវកម្ម) ហើយសណ្ឋាគារចំនួន៩០៧កន្លែង ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននេះ។
គិតត្រឹមថ្ងៃទី៣១ មីនា ឆ្នាំ២០១៩ ក្រុមហ៊ុន InterContinental Hotels Group (IHG) មានសណ្ឋាគារសរុបចំនួន៥.៦៥៦កន្លែង គិតជាបន្ទប់ទទួលភ្ញៀវមានចំនួនរហូតដល់៨៤២.៧៥៩បន្ទប់នៅក្នុងប្រទេសជិត១០០ទូទាំងពិភពលោក៕