Blue Circle:ដល់ពេល កម្ពុជាត្រូវយកទាញយកប្រយោជន៍ពីវិស័យថាមពលអគ្គីសនីដើរដោយកម្លាំងខ្យល់ហើយ

0

ដោយៈ សុខុម

ភ្នំពេញៈ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យដឹងថា តម្រូវការថាមពលអគ្គិសនីនៅអាស៊ីអាគ្នេយ៍ បានកើនឡើងជាង៨០%ចាប់តាំងពីឆ្នាំ២០០០ ហើយតាមការរំពឹងថានឹងកើនឡើង៦០%ទៀតនៅត្រឹមឆ្នាំ២០៤០។ នេះបើយោងតាមលើកឡើងរបស់ក្រុមហ៊ុន The Blue Circle កាលពីថ្មីៗនេះ។

តម្រូវការអគ្គិសនីនៅក្នុងតំបន់បានកើនឡើង៦%ក្នុងមួយឆ្នាំៗ នៅមុនពេលការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដោយតម្រូវការនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជា ជាដើមបានកើនឡើងកាន់តែលឿន។

នៅពេលសហភាពអឺរ៉ុប កំពុងអនុវត្ត “កិច្ចព្រមព្រៀងបៃតង” (Green Deal) ហើយសហរដ្ឋអាមេរិក កំពុងតែអនុវត្តយុទ្ធសាស្ត្រ “Building Back Better” (ជាយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ) តាមរយៈការពន្លឿនការវិនិយោគលើថាមពលកកើតឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ការងារស្តារឡើងវិញនោះ ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ កំពុងគ្រោងប្រើប្រាស់ផែនទីចង្អុលបង្ហាញផ្លូវតែមួយនេះ។

- Video Advertisement -

ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow ស្កុតលែន ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលដែលជាម្ចាស់ហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ផង) នឹងត្រូវប្រកាសជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងដែលចងភ្ជាប់កាតព្វកិច្ចចំពោះការបន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) របស់ខ្លួនយោងទៅតាមយុទ្ធនាការ Race to Zero (យុទ្ធនាការកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យ) របស់អង្គការសហប្រជាជាតិ។

យោងតាម Rystad Energy ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ឈានមុខខាងផ្នែកថាមពលបង្ហាញថា តាមការព្យាករថា បណ្តាប្រទេសជាសមាជិកអាស៊ាន នឹងសាងសង់គម្រោងថាមពលកកើតឡើងវិញកម្លាំង៦ជីហ្គាវ៉ាត់ (6 GW) នៅឆ្នាំ២០២១ ហើយនឹងបង្កើនការវិនិយោគប្រចាំឆ្នាំរបស់ខ្លួនឱ្យឈានដល់១១ជីហ្គាវ៉ាត់ (11 GW) នៅត្រឹមឆ្នាំ២០២៥។ គម្រោងថាមពលអគ្គិសនីដើរដោយកង្ហារខ្យល់លើគោកនឹងមានចំណែកស្មើនឹង១ភាគ៣ នៃរោងចក្រផលិតថាមពលកកើតឡើងវិញថ្មីៗទាំងអស់នៅក្នុងតំបន់។ គ្រាន់តែនៅប្រទេសវៀតណាម ក្នុងលិខិតមួយចុះថ្ងៃទី២២ ខែមីនា ផ្ញើទៅកាន់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MOIT) អគ្គិសនីវៀតណាម (EVN) បានរាយការណ៍ថា គម្រោងថាមពលអគ្គិសនីថ្មីដែលដើរដោយកម្លាំងខ្យល់កម្លាំង៤.៤៣២មេហ្គាវ៉ាត់ (4,432 MW) កំពុងស្ថិតក្នុងដំណើរការសាងសង់នៅឆ្នាំនេះ (ភាគច្រើននៅវៀតណាមខាងត្បូង)។

ផែនការអភិវឌ្ឍន៍ថាមពល (Power Development Plan) ចុងក្រោយដែលត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីថៃ កាលពីខែមីនា បានស្នើឱ្យដំឡើងកង្ហារខ្យល់ដើម្បីផលិតថាមពលឱ្យបានយ៉ាងតិច១១.៣២០មេហ្គាវ៉ាត់ (11,320 MW) នៅត្រឹមឆ្នាំ២០២៥ និង១៦.០១០មេហ្គាវ៉ាត់ (16,010 MW) នៅត្រឹមឆ្នាំ២០៣០ ។
ប្រទេសថៃ តាមរយៈការអនុវត្តផែនការនេះដើម្បីឱ្យការចរាចររថយន្តអគ្គិសនី (EV) មានចំណែកស្មើនឹង៥០%នៃរថយន្តទាំងអស់ដែលលក់នៅក្នុងប្រទេសត្រឹមឆ្នាំ២០៣០ កំពុងរៀបចំផែនការថាមពលថ្នាក់ជាតិថ្មីរបស់ខ្លួនជាមួយនឹងគម្រោងដំឡើងថាមពលដើរដោយកម្លាំងខ្យល់ចាប់ពី៦ជីហ្គាវ៉ាត់ (6 GW) ទៅ១០ជីហ្គាវ៉ាត់ (10 GW) នៅត្រឹមឆ្នាំ២០៣៧។ គិតមកទល់បច្ចុប្បន្ន ប្រទេសវៀតណាម ដំឡើងកង្ហារខ្យល់ផលិតថាមពលបាន៥៨២មេហ្គាវ៉ាត់ (582 MW) ហើយប្រទេសថៃ បាន១.៥៣៨មេហ្គាវ៉ាត់ (1,538 MW)។ ប្រទេសទាំង២គ្រោងដំឡើងគម្រោងថ្មីដែលមានកម្លាំងយ៉ាងតិច៦.០០០មេហ្គាវ៉ាត់ (6,000 MW) នៅត្រឹមឆ្នាំ២០២៥។

បើធ្វើការប្រៀបធៀប ប្រទេសកម្ពុជា បានដាក់បញ្ចូលថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់កម្លាំងត្រឹមតែ៨០មេហ្គាវ៉ាត់ (80 MW) ប៉ុណ្ណោះទៅក្នុងផែនការមេអគ្គិសនីអគ្គិសនីឆ្នាំ២០៣០ (2030 Electrical Master Plan) របស់ខ្លួននៅត្រឹមឆ្នាំ២០២៤។ ទោះបីជាគោលដៅដំឡើងកង្ហារខ្យល់ដើម្បីផលិតថាមពលឱ្យបានសរុប១៧.៦៧៧មេហ្កាវ៉ាត់ (17,677 MW) នៅត្រឹមឆ្នាំ២០៣០ ដែលបានកំណត់ក្នុងឆ្នាំ២០១៩ ត្រូវបានកាត់បន្ថយ៣០%ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្ដី ក៏ចំណែកថាមពលដើរដោយកម្លាំងខ្យល់អាចផ្ដល់បានត្រឹមតែ០.៦៤%ប៉ុណ្ណោះនៃកម្លាំង១៧.៦៧៧មេហ្កាវ៉ាត់ (17,677 MW) នៅត្រឹមឆ្នាំ២០៣០។ ក្នុងក្របខ័ណ្ឌដដែលនេះ ផែនការមេអគ្គិសនីបានរាប់បញ្ចូលថាមពលដើរដោយពន្លឺព្រះអាទិត្យ១.៧៤០មេហ្គាវ៉ាត់ (1,740 MW) ដែលនឹងត្រូវដំឡើងនៅត្រឹមឆ្នាំ២០៣០ ដែលមានចំណែកស្មើនឹង១២,១%នៃសមត្ថភាពសរុបរបស់ប្រទេសកម្ពុជា ហើយគ្រោងនឹងឈានដល់៥៤០មេហ្គាវ៉ាត់ (540 MW) នៅមុនឆ្នាំ២០២៣។

ប្រទេសជាសមាជិកអាស៊ាន ទាំងអស់ដែលសុទ្ធតែមានប្រភពថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យដ៏ល្អក្រៅពីប្រទេសកម្ពុជា ជាពិសេសហ្វីលីពីន ថៃ និងវៀតណាម រំពឹងថានឹងអាចផលិតថាមពលកកើតឡើងវិញដែលមានតម្លៃធូរថ្លៃឱ្យបានកាន់តែច្រើន។ ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល Rystad Energy ព្យាករថា អាស៊ីអាគ្នេហ៍ នឹងដំឡើងកង្ហារខ្យល់លើគោក និងផ្ទាំងសូឡាដើម្បីផលិតថាមពលកកើតឡើងវិញប្រចាំឆ្នាំឱ្យបានចន្លោះពី៣ជីហ្គាវ៉ាត់ (3 GW) ទៅ៤ជីហ្គាវ៉ាត់ (4 GW) នៅរយៈពេល៥ឆ្នាំក្រោយ។

ដូចនេះ តើកម្ពុជា នឹងពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញដើម្បីងើបពីវិបត្តិកូវីដ-១៩ តាមរយៈការបន្ថែមថាមពលដើរដោយកម្លាំងខ្យល់ទៅលើមហិច្ឆតាថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនដែរឬទេ? តើអគ្គិសនីកម្ពុជា (EDC) នឹងវិវឌ្ឍទៅហួសពីគម្រោងហថាមពលដើរដោយកម្លាំងខ្យល់៨០មេហ្គាវ៉ាត់ (80 MW) ដំបូងរបស់ខ្លួនដែលកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តន៍នៅឡើយ ហើយដើរតាមបណ្ដាប្រទេសជិតខាង ដើម្បីទាញយកថាមពលខ្យល់របស់ខ្លួនជាមួយគម្រោងដ៏ទូលំទលាយមួយដែរឬទេ? ឥឡូវនេះគឺដល់ពេលសម្រាប់កម្ពុជា ហើយ! ៕

LEAVE A REPLY

Please enter your comment!
Please enter your name here