Paris Baguette ដែលជាប៊្រែនហាងនំ & កាហ្វេដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង ឈានជើងមកបើកហាងទី១ នៅកម្ពុជា

0

សុខុម

ភ្នំពេញ: ក្រុមហ៊ុនកូរ៉េខាងត្បូង SPC Group ដែលជាក្រុមហ៊ុនចំណីអាហារ និងភេសជ្ជៈដ៏ធំបានប្រកាសនៅថ្ងៃពុធ ទី៩ មិថុនា នេះថា ប៊្រែនហាងនំ & កាហ្វេដ៏ល្បីឈ្មោះ Paris Baguette របស់ខ្លួនបានបើកដំណើរការហាងទី១ នៅកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap News។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន SPC Group នេះបានលើកឡើងថា ហាងទី១ របស់ខ្លួនបានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group ហើយថា ហាងនំ & កាហ្វេ Paris Baguette ដែលជាការវិនិយោគរួមគ្នានេះគឺជាហាងទី១ ដែលបើកដំណើរការនៅប្រទេសកម្ពុជា។

- Video Advertisement -

ក្រុមហ៊ុន SPC Group បានធ្វើការកត់សម្គាល់ថា “ហាងទី១ ដែលបើកដំណើរការនៅកម្ពុជា នេះនឹងក្លាយជាចំណុចឈរជើងសម្រាប់ SPC ពង្រីកវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលជាទីផ្សារដ៏សំខាន់មួយរួមជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក”។

ក្រុមកូរ៉េខាងត្បូង មួយនេះបាន និងកំពុងដំណើរការហាងនំ & កាហ្វេ Paris Baguette និងភោជនីយដ្ឋានអាហារសម្រន់ឆាប់រហ័ស (Fast food) Shake Shack ប្រមាណ៤៣០ទីតាំងនៅប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសបារាំង។

ទន្ទឹមនេះ ក្រុមហ៊ុន SPC Group បាននិយាយថា ខ្លួនកំពុងប្រឹងប្រែងបង្កើតរោងចក្រផលិតចំណីអាហារហាឡាល (Halal) នៅក្នុងប្រទេសម៉ាឡេស៊ី ហើយក៏កំពុងពិចារណាហក់ចូលទីផ្សារប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍ ផងដែរ។ អាហារហាឡាល សំដៅលើចំណីអាហារដែលផលិតឡើងយ៉ាងសម្រិតសម្រាំងត្រឹមត្រូវទៅតាមតាមច្បាប់ Sharia របស់សាសនាអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here