រដ្ឋាភិបាលកម្ពុជានិងថៃបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មចំនួន១៥ពាន់លានដុល្លារ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីចំនួន១៥ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ការជំរុញការបង្កើនទំហំទ្វេភាគីនេះ បានធ្វើឡើងក្នុងឱកាស ដែលឧបនាយករដ្ឋមន្ដ្រីប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧប​នា​យករដ្ឋមន្ដ្រីដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ស្តីពកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ នៅទីក្រុងឆុងឈីង ប្រទេសចិន។

ក្រសួងការបរទេសបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេរភាគីចំនួន១៥ពាន់លានដុល្លារ ដែលត្រូវបានកំណត់ដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីរួមលើកទី៣ កាលពីខែកញ្ញា ឆ្នាំ២០១៧ ប្រមុខការទូតទាំងពីរ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃភាគីទាំងពីរខិតខំទ្វេដង ដើម្បីសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាព នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នៅកម្ពុជា ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងអាចរៀបចំដោយមានការចូលរួមដោយផ្ទាល់។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា រដ្ឋមន្រ្តីការបរទេសទាំងពីរបានគូសបញ្ជា​ក់ពីសារៈសំខាន់ នៃកិច្ចសហការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសកិច្ចសហការនៅតាមតំបន់ព្រំដែន។

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនបានសម្តែងនូវការកោតសរសើរ ចំពោះប្រ​ទេសថៃ ដែលបានផលិតវ៉ាក់សាំងដោយជោគជ័យ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ព្រមទាំងវិស័យឯកជន ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ព្រមទាំងបានយកចិត្តទុកដាក់ថែទាំ សុខុមា​លភាពប្រជាជនកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌពហុភាគី រួមមានអាស៊ាន (ASEAN) និងអាស៉ី-អឺរុប (ASEM) ព្រមទាំងបានបញ្ជាក់ជាថ្មី​នូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាព ដែលមានតាំងពីយូរលង់មកហើយ និងភាពជាអ្នកជិតខាងល្អ រវាងព្រះរាជាណាចក្រទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here