អចលនទ្រព្យកែបនឹងមានសន្ទុះមួយកម្រិតទៀតក្រោយរដ្ឋបាលខេត្តគ្រោងកែ លម្អឆ្នេរកម្សាន្តបន្ថែម

0

ដោយៈវឌ្ឈនៈ

កែបៈ ក្រោយរដ្ឋបាលខេត្តកែប បានប្រកាសពីការកែលម្អឆ្នេរកម្សាន្ត នៅខេត្តកែបបន្ថែមទៀត ដើម្បីទាក់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក្រោយវិបត្តិកូវីដ១៩ នឹងធ្វើឱ្យអចលនទ្រព្យនៅក្នុងខេត្តនេះ មានសន្ទុះមួយកម្រិតទៀត ជាពិសេសការទិញលក់ដីធ្លី។

ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកែប និងកំពត បានបង្ហាញពីសុទិដ្ឋិនិយមចំពោះ វិស័យអចលនទ្រព្យ នៅក្នុងខេត្តបន្ថែមទៀតក្រោយពេលរដ្ឋបាលខេត្ត ប្រកាសកែលម្អឆ្នេរ ខណៈកន្លងមកទោះបីជាកម្ពុជា ជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី ក៏សកម្មភាពនៃការទិញលក់អចលនទ្រព្យជាពិសេសដីធ្លី នៅក្នុងតំបន់នេះនៅតែមានជាហូរហែរ រហូតដល់អ្នកទិញនៅតែបន្តទិញទុក និងទិញដើម្បីអភិវឌ្ឍន៍នៅពេលចប់កូវីដ១៩។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យនៅខេត្តកំពត និងកែបបាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី១០ មិថុនានេះថា គម្រោងកែលម្អឆ្នេរកម្សាន្តសាធារណៈ នៅក្នុងខេត្តកែប វាពិតជាល្អណាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ហើយភ្ញៀវទេសចរក៏នឹងមានកន្លែង សម្រាប់កម្សាន្តកាន់តែច្រើន ដែលអាចធ្វើឱ្យចំនួនភ្ញៀវមកលេងខេត្តកែប កាន់តែច្រើននៅពេលអនាគត។

លោកថា “នៅពេលភ្ញៀវមកលេងកាន់តែច្រើន ពេលនេះតម្រូវការកន្លែងស្នាក់នៅ និងភោជនីយដ្ឋានស្តង់ដារក៏នឹងមានកំណើន ដែលជំរុញឱ្យមានការវិនិយោគលើប្រភេទសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានបន្ថែម ដូច្នេះតម្រូវការទីតាំងសម្រាប់អភិវឌ្ឍន៍នឹងកើនឡើងឆាប់ៗ”។

លោកបន្តថា សម្រាប់ដីធ្លីនៅក្នុងខេត្តកែប បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែភ្ញៀវស្វែងរកដីធ្លីសម្រាប់ទុកចំណេញ ឬទិញដើម្បីទុកអភិវឌ្ឍន៍អនាគតក៏នៅតែមានបន្តបន្ទាប់ ជាពិសេសភ្ញៀវនៅរាជធានីភ្នំពេញ ។ ប៉ុន្តែ នៅក្នុងអំឡុងពេលនៃការបិទស្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ការទិញលក់បានស្ងប់ស្ងាត់បន្តិចហើយវាក៏មានសកម្មភាពឡើងវិញ ពេលរដ្ឋាភិបាលបានបិទបញ្ចប់ការបិទខ្ទប់និងបម្រាមគោចរ ។

ភ្នាក់ងារអចលនវត្ថុផ្សេងទៀតនៅក្នុងតំបន់នេះ ក៏បានបញ្ចេញទស្សនៈស្រដៀងគ្នានេះដែរថា កែប ជាខេត្តជាប់មាត់សមុទ្រមួយនៃប្រទេសកម្ពុជា ហើយវាក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដូច្នេះប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលចង់ទៅកម្សាន្តនៅកែប អាចធ្វើដំណើររយៈពេលខ្លីជាងមុន ហើយក៏មានផ្លូវស្រួល ដូច្នេះ នៅពេលចប់កូវីដ១៩ ខេត្តនេះនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ហើយពេលនោះ តម្រូវការលើវាកម្មបម្រើភ្ញៀវទេសចរនឹងមានកំណើនដូចគ្នា។

ជាមួយគ្នានឹងការកែលំអរឆ្នេរ អាជ្ញាធរខេត្តកែបក៏បាននិងកំពុងសាងសង់ផ្សាររាត្រី និងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយផងដែរ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្តនេះ ដែលសំដៅលើកកំពស់មុខមាត់របស់ខេត្តបន្ថែមទៀត។

រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក៏បានបញ្ចប់ការរៀបចំផែនការមេ លើកកំពស់វិស័យទេសចរណ៍ ដោយប្រែក្លាយខេត្តកែបជាតំបន់សម្រាកវិស្សមកាលកម្រិតខ្ពស់ សំរាប់ខេត្តតូចច្រឡឹងនេះ។ ជាពិសេសរដ្ឋាភិបាល នឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស ដែលបង្កការបំពុលផ្សែងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here