ដោយៈគង់ សូរិយា
ភ្នំពេញៈ បច្ចុប្បន្ននេះនិន្នាការនៃការអភិវឌ្ឍលើវិស័យសំណង់ អចលនទ្រព្យនានាកំពុងរីកសាយភាយ ចេញពីកណ្តាលរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានាជាប់ព្រំប្រទល់ទីក្រុងនេះ ដោយសារកត្តាជាច្រើន។
ការរីកចម្រើននេះ គាំទ្រដោយកត្តាគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ដែលបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ប្រមុខ រដ្ឋាភិបាល និងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ មិថុនាកន្លងមកថា ភាពរីកចម្រើននៃប្រទេសមួយអាស្រ័យ លើការដឹកនាំរបស់មេដឹកនាំប្រទេសនោះថា មានគោលនយោបាយដឹកនាំត្រឹមត្រូវឬទេ? មេដឹកនាំប្រទេសនោះមានខួរក្បាលសេដ្ឋកិច្ច និងរៀបចំផែនទីចង្អុលបង្ហា ញផ្លូវច្បាស់លាស់ឬទេ?។
លោកបន្តថា “ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី វិស័យអចលនទ្រព្យកម្ពុជាមានភាពលេចធ្លោ និងទាក់ទាញការវិនិយោគច្រើន បើធៀបជាមួយប្រទេសក្នុងតំបន់”។ លោកបន្តថា “មូលហេតុ គឺដោយសារកម្ពុជាមានផលចំណេញខ្ពស់ពីការវិនិយោគ ដោយសារការដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្តយ៉ាងទូលំទូលាយពីរដ្ឋាភិបាល សម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស”។
លោកយិន លាងគង់បានបន្តថា ជាមួយនឹងកំនើនប្រជាសាស្រ្ត ការរីកចម្រើនផ្នែកនគរូបនីយកម្ម ការរីកចម្រើននៃជីវភាពរស់នៅ គុណភាពជីវិតរបស់ប្រជាជនកាន់តែប្រសើរឡើង បានធ្វើឲ្យតំបន់ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីកណ្តាលរាជធានី កំពុងលេចចេញនូវបុរី សំណង់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាស ស្ទើរគ្រប់ទិសទាំងអស់ នៃទិសទាំង៤ជុំវិញក្រុងភ្នំពេញ។
ជាក់ស្តែងតំបន់ស្ថិតនៅអមផ្លូវជាតិលេខ៤ បច្ចុប្បន្នបានលេចចេញនូវបុរី លំនៅ ដ្ឋាន រោងចក្រ សហគ្រាសតភ្ជាប់ពីរាជធានី ដល់ខេត្តកំពង់ស្ពឺ។ តំបន់ផ្លូវជាតិលេខ៣កំពុងតភ្ជាប់ពីរាជធានីភ្នំពេញ ដល់ផ្សារអង្គតាសោម។ តំបន់អមផ្លូវជាតិលេខ១ បាននិងកំពុងរីកសាយភាយ ចេញពីកណ្តាលរាជធានីភ្នំពេញ ដល់ស្រុកលើកដែក ខេត្តកណ្តាល។ តំបន់ផ្លូវជាតិលេខពីរកំពុងរីកសាយភាយដល់ស្រុកបាទី ខេត្តតាកែវ តំបន់ផ្លូវជាតិលេខ៦ កំពុងរីកសាយភាយដល់ ស្រុកមុខកំពូលបណ្តើរៗ។
លោកបន្តថា “សុខសន្តិភាពមានតម្លៃជាស្នួល ជាព្រលឹងនៃការអភិវឌ្ឍ ហេតុនេះការរក្សាបាននូវសុខសន្តិភាព នឹងនាំឲ្យមានការរីកចម្រើនសេដ្ឋកិច្ចជាតិ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នឹងនាំមកនូវវិបុលភាព និងភាពសុខដុមរមនាក្នុងសង្គមគ្រួសារខ្មែរ ហើយមុខមាត់ខ្មែរលើឆាកអន្តរជាតិ បាននិងកំពុងផ្លាស់ប្តូរជាមួយទស្សនវិស័យភ្លឺស្វាងជាងមុន ជាមួយនឹងគុណតម្លៃជាងមុន និងជាមួយនឹងការឈានទៅរកប្រៀប ដែលមានទំនុកចិត្ត និងជឿជាក់ជាងមុន ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ៕