ម៉ាកយីហោសណ្ឋាគារ Sofitel ដ៏ល្បីល្បាញមានប្រភពចេញពីណានិងបានពង្រីកខ្លួនដូចម្តេច?

0

ដោយៈឧត្តម

ភ្នំពេញ: មនុស្សជាច្រើនប្រហែលជាបានដឹងហើយថា សូហ្វីតែល ភ្នំពេញ ភោគីត្រា (Sofitel Phnom Penh Phokeethra) គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅជាប់របងផ្សារទំនើប Aeon 1។

ប៉ុន្តែទន្ទឹមនេះ ប្រហែលជាមានមនុស្សមិនច្រើនឡើយ ដែលមិនដឹងថាម៉ាកយីហោ (Brand) សណ្ឋាគារប្រណីតមួយនេះ មានប្រភពចេញពីណា ហើយនរណាជាម្ចាស់ និងមានប្រវត្តិបែបណា។ អញ្ចឹង! ឆ្លៀតពេលមកស្វែងយល់ត្រួសៗទាំងអស់គ្នា!។

Sofitel Hotels & Resorts គឺជាខ្សែសង្វាក់សណ្ឋាគារប្រណីត ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានក្រុមហ៊ុនបដិសណ្ឋារកិច្ចបារាំង Accor កាន់កាប់ចាប់តាំងពីឆ្នាំ១៩៨០។

*ប្រវត្តិ
ធនាគារអន្តរជាតិបារាំង Banque Paribas បានបើកសណ្ឋាគារSofitel ដំបូងបង្អ​ស់នៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ដោយដាក់ឈ្មោះថា Sofitel Strasbourg Grande Île នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៤ ពោលគឺកាលពី៥៧ឆ្នាំមុន ហើយវាក៏ជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ទី១ដែរនៅក្នុងទីក្រុងនេះ។

*ការពង្រីកខ្លួននៅបរទេស
នៅទសវត្សរ៍ឆ្នាំ១៩៧០ Sofitel បានក្លាយជាខ្សែសង្វាក់សណ្ឋាគារអន្តរជាតិ។ សណ្ឋាគារSofitel ទី១ នៅសហរដ្ឋអាមេរិក បានបើកដំណើរការក្នុងឆ្នាំ១៩៧៥ ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
Sofitel បានឈានជើងចូលក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយវិធីសាស្ត្រពិសេសរួមមានការដុតនំបុ័ងបារាំង នៅនឹងកន្លែងផ្ទាល់ បម្រើស្រាបារាំង ជាច្រើនប្រភេទដល់ភ្ញៀវ និងជួលមេចុងភៅបារាំង ឱ្យគ្រប់គ្រងផ្ទះបាយជាដើម។

សណ្ឋាគារនេះ បានចាប់ផ្ដើមទទួលបានប្រាក់ចំណេញ ក្រោយបើកដំណើរការរយៈពេល១៨ខែ។ នៅឆ្នាំ១៩៧៦ Sofitel អ្នកបង្កើតឈ្មោះសណ្ឋាគារនេះ បានបើកសណ្ឋាគារមួយ ដែលមានឈ្មោះថា Sofitel Philippine Plaza Manila ជាសណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងបង្អស់នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយប្លង់សណ្ឋាគារនេះត្រូវបានឌីហ្សាញឡើង ដោយស្ថាបត្យករជនជាតិហ្វីលីពីន ឈ្មោះLeandro Locsin។

នៅឆ្នាំ១៩៨០ Sofitel ត្រូវបានក្រុមហ៊ុនបដិសណ្ឋារកិច្ចAccor ទិញយក ហើយក្រុមហ៊ុននេះ មានម៉ាកយីហោសណ្ឋាគារល្បីៗ ដូចជា ម៉ាកយីហោ Novotel ម៉ាកយីហោ Mercure និងម៉ាកយីហោ Ibis ជាដើម។
សណ្ឋាគារSofitel ទី១ នៅប្រទេសកូឡុំប៊ី បានបើកដំណើរការក្នុងឆ្នាំ១៩៩៥ ហើយសណ្ឋាគារ Sofitel ទី១ នៅប្រទេសជប៉ុន បានបើកដំណើរការក្នុងឆ្នាំ១៩៩៦។ ក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុនបានប្រកាសបើកដំណើរការសណ្ឋាគារ Sofitel New York Hotel តម្លៃ៩០លានដុល្លារ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នៅដើមទសវត្សរ៍ឆ្នាំ២០០០ Sofitel បានបន្តពង្រីកខ្លួនមកដល់អាស៊ី រួមមាននៅប្រទេសថៃ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ហើយចូលមកដល់ប្រទេសកម្ពុជា នៅឆ្នាំ២០១១។ Sofitel ក៏បានបើកដំណើរការសណ្ឋាគារ Sofitel Tokyo (ជប៉ុន) សណ្ឋាគារ Sofitel St James London (អង់គ្លេស) សណ្ឋាគារ Sofitel Chicago Water Tower (សហរដ្ឋអាមេរិក) សណ្ឋាគារ Sofitel Lafayette Square Washington D.C. (សហរដ្ឋអាមេរិក) សណ្ឋាគារ Sofitel Marrakech (ម៉ារ៉ុក) សណ្ឋាគារ Sofitel Silom Bangkok (ថៃ) សណ្ឋាគារ Sofitel Montréal (កាណាដា) និងសណ្ឋាគារ Sofitel Buenos Aires (អាហ្សង់ទីន) ផងដែរ។
នៅចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៤ Sofitel បានបើកដំណើរការ១៤ទីតាំង រួមមានទាំងសណ្ឋាគារ Sofitel Mexico City ដែលជាសណ្ឋាគារទី១ របស់ខ្លួននៅប្រទេសម៉ិកស៊ិក និង៧ទីតាំងថ្មីទៀតនៅអាស៊ី។ នៅត្រឹមឆ្នាំ២០១០ Sofitel មានជាង២០ទីតាំងនៅក្នុងប្រទេសចិន ហើយសរុបនៅទូទាំងពិភពលោកមានជាង២០០ទីតាំង។

*ការប្រើយុទ្ធសាស្ត្រពង្រីកខ្លួន
នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor បានសម្រេចចិត្តអនុវត្តន៍គំរូអាជីវកម្មវិនិយោគរួមគ្នា លើសិទ្ធិកាន់កាប់៦ក្នុងចំណោមសណ្ឋាគារ Sofitel ចំនួន១១ទីតាំងនៅទ្វីបអាមេរិកខាងជើង ដើម្បីទទួលបានឱកាសរីកចម្រើនថ្មីៗ។ បន្ទាប់មកនៅក្នុងឆ្នាំ២០០៧ ម៉ាកយីហោសណ្ឋាគារនេះបានល្បីសុះសាយពេញពិភពលោក។ ប៉ុន្តែនៅឆ្នាំ២០០៨ Sofitel បានក្លាយជាម៉ាកយីហោ សម្រាប់តែសណ្ឋាគារផ្ដាច់មុខ ហើយបានចំនួនសណ្ឋាគារ ត្រូវបានកាត់បន្ថយ៥០%មកនៅត្រឹម៨៩ទីតាំង ប៉ុន្តែបានកើនឡើងវិញដល់១២០ទីតាំងនៅត្រឹមឆ្នាំ២០១២។

សណ្ឋាគារ Hotel Carrasco នៅក្រុង Montevideo ដែលជាសណ្ឋាគារ Sofitel ទី១ នៅប្រទេសអ៊ុយរូហ្គាយ និងសណ្ឋាគារ Sofitel Legend Metropole នៅក្រុងហាណូយ ប្រទេសវៀតណាម បានបើកដំណើរការ។ សណ្ឋាគារ Sofitel Vienna Stephansdom ដែលមាន១៨២បន្ទប់នៅប្រទេសអូទ្រីស និងដែលឌីហ្សាញឡើង ដោយស្ថាបត្យករជនជាតិបារាំង ឈ្មោះ Jean Nouvel ត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១០។

សណ្ឋាគារ Grand Amsterdam បានបើកសំណើរការក្នុងឆ្នាំ២០១១។ នៅឆ្នាំ២០១៣ Sofitel បានពង្រីក៨ទីតាំងទៀតនៅតំបន់មជ្ឈិមបូព៌ា។ សណ្ឋាគារ Dubai Downtown បានបើកដំណើរការក្នុងឆ្នាំ២០១៤ ហើយសណ្ឋាគារSofitel Jeddah នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបើកដំណើរកាតក្នុងឆ្នាំ២០១៥។

LEAVE A REPLY

Please enter your comment!
Please enter your name here