ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់ចិន Sailun បាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយកាលពីដើមខែនេះថា ក្រុមហ៊ុនគ្រោងបង្កើនគម្រោងវិនិយោគរបស់ខ្លួនទ្វេដង នៅក្នុងការផលិតសំបកកង់នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន European Rubber Journal កាលពីមិ្សលមិញ។

-->
ដំបូងឡើយ ក្រុមហ៊ុនផលិតសំបកកង់នេះ កាលពីខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញផែនការសាងសង់រោងចក្រ ផលិតសំបកកង់រថយន្តនៅកម្ពុជា ដោយគ្រោងបោះទុនចំនួន១៤២លានអឺរ៉ូ (១,១ពាន់លានយន់)។
នៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួន ក្រុមហ៊ុន Sailun បានឱ្យដឹងថា ខ្លួនគ្រោងនឹងបង្កើនទុនដល់ទៅ២៩២លានអឺរ៉ូ (ជាង៣៥៥លានដុល្លារអាមេរិក) ដើម្បីបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំពី៥លានយូនីត (ឯកតា) ទៅដល់៩លានយូនីតក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Sailun បានឱ្យដឹងថា “យើងបានសាងសង់រោងចក្រមួយ នៅប្រទេសវៀតណាមរួចហើយ ហើយរោងចក្រថ្មីមួយនៅក្បែរប្រទេសកម្ពុជា អាចប្រើប្រាស់ធនធានបន្ថែមគ្នាទៅវិញទៅមកទាំងពីរទីតាំង”។
រោងចក្រនេះ នឹងមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Qilu ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនឹងគ្រប់គ្រងដោយក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sailun ហើយនឹងបង្កើតការងារថ្មីចំនួន១.០៤៥កន្លែង។
ក្រុមហ៊ុន Sailun បានឱ្យដឹងថា ការសាងសង់គម្រោងនេះ នឹងចំណាយពេល២ឆ្នាំដើម្បីបញ្ចប់ ហើយត្រូវបានរំពឹងថានឹងរកប្រាក់ចំណេញសុទ្ធ ជាមធ្យម៤៧លានអឺរ៉ូជារៀងរាល់ឆ្នាំ ពីការលក់ជាមធ្យមចំនួន២៧៦លានអឺរ៉ូ។
ក្រុមហ៊ុន Sailun បានបន្ថែមថា សំបកកង់ផលិតនៅរោងចក្រនេះ នឹងត្រូវនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប៕