សិក្សាលើមូលដ្ឋានសំខាន់ៗចំនួន៥ ដើម្បីទិញអចលនទ្រព្យទទួលបាន ផលចំណេញច្រើន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រៅពីការប្រកបរបរអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ ប្រជាពលរដ្ឋទូទៅ ក៏ពេញនិយមយកប្រាក់ទៅវិនិយោគលើអចលនទ្រព្យផងដែរ ប៉ុន្តែការទទួលបាន​ផលចំណេញពីការវិនិយោគ គេត្រូវការវិធីសាស្រ្តច្បាស់លាស់ និងត្រឹមត្រូវ។

នេះជារបៀបវាយតម្លៃអចលនទ្រព្យមុននឹងទិញ ដើម្បីប្រាកដក្នុងចិត្តថាអចលនទ្រព្យរបស់អ្នក នឹងផ្តល់ផលចំណេញក្នុងរយៈពេលខ្លីខាងមុខ
១. ជ្រើសរើសទីតាំង
ទីតាំងអចលនទ្រព្យ គឺសំខាន់ណាស់ដែលវានឹងជះឥទ្ធិពល ដល់តម្លៃនៃអចលនទ្រព្យរបស់អ្នក ដោយត្រូវជ្រើសរើសទីតាំងដែលស្ថិតនៅជាប់នឹងផ្លូវធំ ហើយមានមនុស្សជិះកាត់ចេញចូលច្រើន សូមកុំរើសទីតាំងមានផ្លូវទាល់។អ្នកអាចសាកសួរអាជ្ញាធរ ពីគម្រោងអភិវឌ្ឍន៍នៅរយៈពេល ៣ឬ៥ឆ្នាំខាងមុខទៀត ដើម្បីដឹងថា តំបន់នោះនឹងមានការអភិវឌ្ឍឆាប់រហ័ស។

២. ប្រភេទសំណង់អាគារ
ថ្វីត្បិតថាបើអ្នកជ្រើសរើសទីតាំងបានល្អហើយ តែបើអ្នកមិនចេះត្រួតពិនិត្យមើលគុណភាពនៃសំណង់អាគារ ច្បាស់ណាស់ថាមិនយូរមិនឆាប់ អ្នកនឹងត្រូវចំណាយលុយច្រើនដើម្បីជួសជុលវាឡើងវិញ។

៣. បៀបធៀបតម្លៃអចលនទ្រព្យដែលនៅជិតគ្នា
មុននឹងសម្រេចចិត្តទិញខុនដូ ផ្ទះ ដី អ្នកគួរធ្វើការប្រៀបធៀបតម្លៃអចលនទ្រព្យដែលនៅជិតគ្នាសិន តើកន្លែងដែលអ្នកទិញមានតម្លៃទាបជាង ឬថ្លៃជាងគេ? ចុះបើថ្លៃជាងគេ តើវាបណ្តាមកពីមូលហេតុអ្វី? បើទិញអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេ ច្បា​ស់ណាស់ថា អ្នកនឹងពិបាកនៅពេលដែលលក់ចេញទៅវិញ។

៤. ត្រួតពិនិត្យមើលប្លង់ តើអចលនទ្រព្យដែលអ្នកទិញមានប្លង់រឹងដែរឬទេ?
អ្នកត្រូវដឹងថា បច្ចុប្បន្នអ្នកណាក៏ចង់ទិញអចលនទ្រព្យ ដែលមានប្លង់រឹងដែរ។ បើអ្នកទិញអលចនទ្រព្យ ដែលមិនមានប្លង់ត្រឹមត្រូវ អ្នកនឹងត្រូវប្រឈមជាមួយនឹងហានិភ័យច្រើនយ៉ាង។

៥. ហេដ្ឋារចនាសម្ព័ន្ធ
អ្នកត្រូវដឹងថាតើតំបន់ដែលអ្នកចង់ទិញ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ឬមានទឹកលិចឬអត់? បើអ្នកមិនបានសង្កេតមើលចំណុចនេះទេ វានឹងបង្កជាហានិភ័យខ្លាំង ពិបាកទាំងការរស់នៅ ហើយអចលនទ្រព្យក៏ត្រូវជាប់គាំងនិងមិនអាចលក់ចេញដែរ។

នៅមានចំណុចជាច្រើនទៀតដែលអ្នកគួររៀនសូត្រ និងចេះពីរបៀបថ្លឹងថ្លែងមុននឹងសម្រេចចិត្តទិញអចលនទ្រព្យនៅទីតាំងណាមួយ ពាក្យមួយគេនិយាយថា “មើល ១០០ ទិញ ១” មានន័យថាត្រូវមើលកន្លែងឲ្យគ្រប់ជ្រុងជ្រោយ ឬដើរមើលឲ្យច្រើនកន្លែងមុននឹងសម្រេចចិត្តទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here