ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ សកម្មភាពទិញលក់ដីធ្លី នៅជាយក្រុងភ្នំពេញ នៅតែមានភាពសកម្ម បើទោះបីជាស្ថាបភាពសេដ្ឋកិច្ច មិនសូវមានភាពអំណោយផលក្តី ប៉ុន្តែសកម្មភាពទិញលក់នៅតែបន្តកើនឡើង។
តើកត្តាអ្វីខ្លះ ដែលជម្រុញឲ្យមានចរន្តទិញលក់បែបនេះ? ខណៈពេលរដ្ឋាភិបាលបិទបញ្ចប់ការបិទខ្ទប់ បានធ្វើឲ្យសកម្មភាពទិញលក់ដីធ្លីកើនឡើងវិញ។
ហេដ្ឋារចនាសម្ព័ន្ឋ
ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា បានបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យយ៉ាងខ្លាំងនៅកម្ពុជា ជាក់ស្តែង ដូចជា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ជាដើម សុទ្ឋតែជាតំបន់ដែលមានការរីកចម្រើន និងទាក់ទាញការវិនិយោគ។
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិធំៗ ដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ព្រលានតារាសាគរ ខេត្តកោះកុង ក៏បាននិងកំពុងរីកចម្រើនលឿនផងដែរ ពិសេសតម្លៃអចលនទ្រព្យ នៅតំបន់ទាំងនោះបានឡើងថ្លៃ ហើយសកម្មភាពអភិវឌ្ឍន៍បានកើនឡើងជាបន្តបន្ទាប់។
ប្រជាសាស្រ្ត
កត្តាប្រជាសាស្រ្ត ដែលសំដៅលើចំនួនប្រជាពលរដ្ឋ ក៏ជាកត្តាទាក់ទាញផងដែរ ព្រោះនៅតំបន់ណាមានប្រជាពលរដ្ឋរស់នៅច្រើន តំបន់នោះមានការរីកចម្រើនទាំងសេដ្ឋកិច្ច អាជីវកម្ម និងធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងផងដែរ។
ការរីកចម្រើននៃសេដ្ឋកិច្ច សង្គម បាននិងកំពុងទាក់ទាញការអភិវឌ្ឍ និងវិនិយោគពីវិនិយោគិនេះជាតិ និងអន្តរជាតិ ដែលធ្វើឲ្យប្រជាជនចូលមករស់នៅតាមតំបន់ទីប្រជុំជននិងតំបន់ជាយក្រុងកាន់តែចច្រើន។
នគរូបនីយកម្ម
នគរូបនីយកម្ម គឺជាប់ទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន និងប្រជាជន។ ហេតុនេះការរីកចម្រើន សេដ្ឋកិច្ច សង្គម បានជម្រុញឲ្យមានការរីកចម្រើន ផ្នែកនគរូបនីយកម្មផងដែរ។
ការរីកចម្រើន នគរូបនីយកម្មតែងតែផ្សារភ្ជាប់នឹងជីវិត សេដ្ឋកិច្ចសង្គម។ ហេតុនេះទើបទីក្រុងភ្នំពេញកាន់តែរីកធំ ហេដ្ឋារចនាសម្ព័ន្ឋនា នាត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់វិនិយោគជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ការពង្រីកទីក្រុង
រាជរដ្ឋាភិបាលកម្ពុជា តែងតែសម្លឹងមើលពីនិន្នាការរីកចម្រើនរបស់ទីក្រុង ទាំងហេដ្ឋារចនាសម្ព័ន្ឋ ចំនួនប្រជាពលរដ្ឋ ចំនួនយានយន្ត ការកកស្ទះចរាចរណ៍ជាដើម។
ហេតុនេះរៀងរាល់៥ឆ្នាំម្តង រដ្ឋាភិបាលតែងតែគិតគូពីការអភិវឌ្ឍ និងពង្រីកទីក្រុង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រីកការអភិវឌ្ឍន៍កាន់តែធំទូលាយទៅកាន់ទីជនបទ មានន័យថា “បង្ខិតទីក្រុងឲ្យកៀកនឹងជនបទ។
ឥទ្ឋិពល
តាមធម្មតា ការរីកចម្រើនរបស់រដ្ឋធានីមួយ ឬរាជធានីរបស់ប្រទេសមួយ តែងតែសាយភាយ និងជះឥទ្ឋិពលជាវិជ្ជមានដល់តំបន់ស្ថិតនៅក្បែរ។
ឧទាហរណ៍ជាក់ស្តែង ការរីកចម្រើនរាជធានីភ្នំពេញ បានជះឥទ្ឋិពលដល់ខេត្តកណ្តាល ជះឥទ្ឋិពលដល់ខេត្តកំពង់ស្ពឺ ដោយសារខេត្តទាំងនេះ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់គ្នា មានលំហូរប្រជាពលរដ្ឋទៅវិញទៅមក ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិស្វែងរកឱកាស វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋផង អចលនទ្រព្យផង និងសេវាកម្មជាច្រើនទៀតផង៕