កម្ពុជាកំពុងពង្រឹងប្រព័ន្ធដឹកជញ្ជូនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាមួយប្រទេសជិតខាង

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ កម្ពុជាកំពុងពង្រឹងប្រព័ន្ធដឹកជញ្ជូនដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានារវាង កម្ពុជា-ថៃ-វៀតណាម។

លោកស្រីកុយ សុដានីរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ជំនាញការជប៉ុន និងភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានារវាង កម្ពុជា-ថៃ-វៀតណាម ពីក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU)

ការណ៍នេះគឺសំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងទាំងនោះប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក សំដៅបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានឆាប់រហ័សគ្មានការកកស្ទះ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្ភារនិងមធ្យោបាយ សម្រាប់ត្រួតពិនិត្យការដឹកជញ្ជូនឆ្លងកាត់តំបន់ព្រំដែន ការគ្រប់គ្រងខ្សែសង្វាក់នៃការដឹកជញ្ជូន និងរបាយការណ៍អង្កេត និងវាយតម្លៃពីក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោងផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកស្រីកុយ សុដានីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងបំពេញការងារប្រកបដោយផ្លែផ្ការបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU) និងបានជំរុញលើកទឹកចិត្តឱ្យក្រុមការងារខិតខំប្រឹងប្រែងបន្តទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រសិទ្ធភាពការងារខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here