ដោយៈ ម៉ាណេត និងសុខ ហេង
ភ្នំពេញៈ សព្វថ្ងៃការចាក់វ៉ាក់សាំងនៅកម្ពុជា ប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានផលរំខាននោះទេ ស្របពេលដែលអត្រាឆ្លង និងជាមានឡើងមានចុះ ដែលធ្វើឲ្យអ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនមើលឃើញថា រដ្ឋាភិបាលអាចនឹងបិទបញ្ចប់ព្រឹត្តិការណ៍សហគម២០កុម្ភៈបានក្នុងអំឡុង១ខែទៀត។ នេះបើតាមបញ្ជាក់ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate កាលពីថ្មីៗនេះ។
លោកបានថ្លែងថា សន្ទុះនៃការចូលរួមចាក់វ៉ាក់សាំងស្ម័គ្រចិត្តរបស់ពលរដ្ឋ បូកនិងការពន្លឿនការចាក់ក៏មានសន្ទុះមួយខ្លាំង ចំណែកការបញ្ជាទិញវ៉ាក់ និងការផ្ទុកវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនមួយច្រើនដែរ បើប្រៀបធៀបទៅនិងបណ្តាប្រទេសមួយចំនួននៅក្នុងប៉ែកអាស៊ីយើងនេះ។
លោកជឿជាក់ថា “ឆាប់ៗខាងមុខនេះយើងអាចនិងគ្រប់គ្រង់ស្ថានការនេះបាន ហើយនៅពេលអាចគ្រប់គ្រងព្រឹត្តិការណ៍២០កុម្ភៈនេះបាន នោះវិស័យសេដ្ឋកិច្ចនិងមានសន្ទុះងើបឡើងវិញ លឿន”។
លោកសង្កត់ធ្ងន់ថា ការស្ទុះងើបឡើងវិញនោះ រួមមានសកម្មភាពទិញ លក់ និងជួល និងការប្រើប្រាស់អាគារអាចចាប់ផ្តើមឡើង បើសិនជាBusiness ក្នុងវិស័យសេដ្ឋកិច្ចកើនឡើង។ ប៉ុន្តែចំពោះកំណើនតម្លៃវិញ លោកគិតថា៖ ទាំងតម្លៃជួលក៏ដោយ ទាំងតម្លៃដីធ្លីក៏ដោយ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១នេះ នៅតែអាចរក្សាកំណើនបានដូចដើម ដោយមិនមានការប្រែប្រួលច្រើននោះទេ។
លោកបានឱ្យដឹងទៀតថា បើប្រៀបធៀបតម្លៃជួលទៅនិងឆ្នាំ២០១៩ ការជួលអាចធ្លាក់ចុះបន្តិច ដោយសារតែមានបន្ទប់ទំនេរច្រើនក្នុងឆ្នាំនេះ ប៉ុន្តែចំពោះវិស័យទិញ លក់ ដីធ្លី វាអាចស្ថិតនៅទ្រឹង។ បើសិនជាគិតនៅក្នុងGlobal លោកគិតថា ប្រទេសផ្សេងក៏មិនខុសគ្នាប៉ុន្មាននោះពីកម្ពុជាដែរ ព្រោះជំងឺកូវីតនៅបន្តរាតត្បាត ដោយប្រទេសខ្លះអាចធ្ងន់ជាងយើងឬប្រហាក់ហែលយើងដែរ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាមទារឱ្យប្រជាជន និងស្ថាប័នអស់ទាំងអស់រួមគ្នាទប់ស្កាត់វិបត្តិមួយនេះ ដើម្បីឈានដល់ការបិទព្រឹត្តិការណ៍ក្នុងពេលខាងមុខដ៏ឆាប់។
លោកបានថ្លែងថា “ខ្ញុំគិតថា សម្រាប់វិស័យអចលនទ្រព្យ វានឹងមានភាពប្រសើរឡើងវិញផងដែរ បន្ទាប់មានការចូលរួមពីប្រជាជន និងស្ថាប័ន្ធទាំងអស់ក្នុងការបិទព្រឹតិ្តការណ៍ឆ្លងចូលសហគមន៍មួយនេះ”។
លោកបានថ្លែង បន្ទាប់ពីប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈនេះ អ្នករកស៊ីទទួលទានក្នុងអចលនទ្រព្យនឹងចាប់ផ្តើមសកម្មភាពវិនិយោគ ឬទិញលក់ឡើងវិញ៕