ការស្វែងទិញដីធ្លីទាំងសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍ចាប់ផ្ដើមមានភាពមមាញឹកឡើងវិញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅតែមានស្ថានភាពធ្ងន់ធ្ងរក្ដី តែបើក្រលេកទៅមើលស្ថានភាពអាជីវកម្ម ចរាចរណ៍ និងការធ្វើមុខជំនួញនានា បានចាប់ផ្ដើមប្រសើរឡើងវិញ ក្នុងនោះ អ្នកស្វែងទិញដីធ្លីទាំងសម្រាប់ការវិនិយោគ ឬអភិវឌ្ឍន៍ក៏បានចាប់ផ្ដើមឡើងវិញជាមួយគ្នានេះដែរ។

ជាមួយគ្នានេះដែរ សកម្មភាពនៃការទិញលក់ដីធ្លីនៅក្នុងពេលនេះក៏ឃើញថា ចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ។ ជាក់ស្ដែងបើតាមភ្នាក់ងារលក់ដីធ្លីជាច្រើនបានបង្ហាញថា ខ្លួនចាប់ផ្ដើមមានការមមាញឹកឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជាង២ខែ ដោយសារតែការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោកជិន ណារិនភ្នាក់ងារអចលនទ្រព្យមួយរូបបានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះថា កាលពីពេលដែលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រូបលោកក៏ដូចជាក្រុមការងារដទៃទៀត មិនបានចេញទៅណាមកណា ឬជូនភ្ញៀវមើលដីធ្លីនោះឡើយ ព្រោះពេលនោះភ្ញៀវក៏មិនហ៊ានចេញដែរ ព្រោះខ្លាចខុសបម្រាមរដ្ឋាភិបាល តែនៅពេលរដ្ឋាភិបាលប្រកាសបើកចរាចរណ៍ និងសកម្មភាពអាជីវកម្មឡើងវិញ រូបលោក និងក្រុមការងារផ្សេងទៀតក៏បានចេញធ្វើសកម្មភាពស្វែងរកដីធ្លី សម្រាប់ផ្ដល់ព័ត៌មានជូនភ្ញៀវអ្នកទិញ។

កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញក៏បានប្រកាសឱ្យអាជីវកម្មទាំងអស់នៅតាមផ្សាររដ្ឋនានាទូទាំងរាជធានីភ្នំពេញបើកដំណើរការឡើងវិញ ជាមួយនឹងវិធានការពាររបស់ក្រសួងសុខាភិបាល ដែលការបើកអាជីវកម្មទាំងនេះឡើងវិញ ធ្វើឱ្យអាជីវករ ដែលបាត់បង់ចំណូលកាលពីបិទខ្ទប់នោះ បានទទួលចំណូលត្រលប់មកវិញខ្លះៗ។

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោកវន់ ពៅបានឱ្យដឹងថា ការបើកដំណើរការ អាជីវកម្មឡើងវិញគឺជារឿងល្អប្រសើរ សម្រាប់អាជីវករ ដែលពឹងលើអាជីវកម្មតែមួយមុខ ដែលអាចឱ្យពួកគេទទួលបានចំណូលត្រលប់មកវិញ តែយ៉ាងណាអាជ្ញាធរគួរតែមានវិធីក្នុងការទប់ស្កាត់ការឆ្លង និងចម្លងកូវីដ១៩បន្តទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពលរដ្ឋបន្តទៅទៀត។

យ៉ាងណាក៏ដោយបើក្រលេកមកមើលចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះ នៅតែមានតួលេខខ្ពស់ ហើយអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ តែរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការវិញនិងតម្រូវឱ្យមានការ ការពារត្រឹមត្រូវជាក់លាក់ បើពុំទេ បើសិនជាមានការឆ្លងកាន់តែមានទ្រង់ទ្រាយធំបន្តទៀត អាជីវកម្មអាចនឹងត្រូវរឹតបន្តឹងសាជាថ្មី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here