រដ្ឋាភិបាលអាមេរិកផ្តល់ថវិកាចំនួន៤,៣ពាន់លានដុល្លារដើម្បីជំរុញការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន៤,៣ពាន់លានដុល្លារជាជំនួយឥតសំណង ដើម្បីជំរុញការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ២០០៩មក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Kin Moy ដែលជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក កាលចុងខែមិថុនា ឆ្នាំ បានចូលរួមរៀបចំជាមួយប្រទេសកម្ពុជា នូវកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូង នៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។

មន្រ្តីជាន់ខ្ពស់ Moy បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់សម្រាប់ភាពល្អប្រសើររបស់តំបន់និងប្រជាជនអាស៊ាន។

លោកបានគូសបញ្ជាក់ពីសារសំខាន់នៃសារសំខាន់ស្នូលរបស់អាស៊ាន ចំពោះចក្ខុវិស័យរបស់សហរដ្ឋអាមេរិក ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ហើយបានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកបានថ្លែងបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យានិងបានផ្តល់ថវិកាចំនួន៤,៣ពាន់លានដុល្លារ ជាជំនួយឥតសំណង ដល់អនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ២០០៩មក។

ប្រទេសទាំង៦ នៅក្នុងកិច្ចសហការជាដៃគូនេះ បានពិភាក្សាពីដំណើរជឿនលឿនទៅមុខ លើការលើកកម្ពស់ការឆ្លើយតបនឹងមេរោគកូវីដ១៩ និងសន្តិសុខផ្នែកសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍតាមរយៈកិច្ចសហការគ្នាជាដៃគូ រវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ក្នុងផ្នែកថាមពល ការបង្កើនសមត្ថភាពនៃធនធានមនុស្ស និងការកសាងគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថុល នៅតំបន់ទន្លេមេគង្គ ជំរុញលទ្ធភាពផ្នែកសេដ្ឋកិច្ចសម្រាប់ស្រ្តី លើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ និងធនធានទឹកប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងមិនធម្មតាលើសន្តិសុខ ដែលរួមមានទាំងការជួញដូរខុសច្បាប់ លើមនុស្ស សត្វព្រៃ ឈើហ៊ុប គ្រឿងញៀន និងអាវុធ។

លោកមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក Moy បានអំពាវនាវឲ្យដៃគូចាត់វិធានការភ្លាមៗ ក្នុងការធ្វើឲ្យប្រទេសភូមាមានការទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន។ ជាមួយគ្នានេះដែរ លោកបានអំពាវនាវឲ្យធ្វើសកម្មភាពរួមគ្នា ក្នុងការជំរុញឲ្យយោធាភូមាបញ្ចប់អំពើហឹង្សា ដោះលែងអ្នកដែលត្រូវឃុំខ្លួនទាំងអយុត្តិធម៌ ហើយធ្វើឲ្យប្រទេសភូមាដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ។

កិច្ចសហការគ្នាជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក រួមមានសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ ប្រទេសជាដៃគូធ្វើការជិតស្និទ្ធនឹងគ្នា លើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាមួយមិត្តនៃក្រុមតំបន់មេគង្គ ដែលក្រៅពីសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គ រួមមានប្រទេសអូស្រា្តលី សហភាពអឺរ៉ុប ជប៉ុន សាធារណរដ្ឋកូរ៉េ ណូវែលសេឡង់ ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងលេខាធិការដ្ឋាននៃគណកម្មាការទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here