ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃកូវីដ១៩យ៉ាងណាក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ទាំងគម្រោងវិនិយោគក្នុង និងក្រៅប្រទេស។
ជាក់ស្ដែង ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ តាមសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាគម្រោងចំនួន៦៩ត្រូវបានសម្រេចចុះបញ្ជីវិនិយោគជាស្ថាពរ ដែលមានទឹបប្រាក់ជាង២.៣៩៩លានដុល្លារអាមេរិក ។
យោងតាមរបាយការណ៍ និងសេចក្តីប្រកាសដដែលនោះ ឃើញថារយៈពេល៦ខែនេះ គម្រោងលេចធ្លោជាងគេ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនៅក្នុងរយៈពេល៦ខែនេះ គឺជាគម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានទុនវិនិយោគប្រមាណ១.២៨៣លានដុល្លារអាមេរិក និងគម្រោងវិនិយោគផលិតក្រដាសមានទុនវិនិយោគ៥០៤លានដុល្លារអាមេរិក នៅក្នុងខេត្តកំពត។
ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២១នេះ មានគម្រោងវិនិយោគចំនួន១២គម្រោងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រវិនិយោគចំនួន១២គម្រោងមានទឹកប្រាក់សរុបជាង១៤៣លានដុល្លារអាមេរិក និងភាគច្រើននៃគ្រោងវិនិយោគទាំងនេះគឺផ្ដោតលើរោងចកក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង និងផលិតផលធ្វើដំណើរ។
លោកប៉ូ អ៊ាវគង់នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ នេះដែរ យើងឃើញថាគម្រោងវិនិយោគទៅលើវិស័យឧស្សាហកម្មរោងចក្រកាត់ដេរនៅតែមានសកម្មភាព ដោយមានក្រុមអ្នកវិនិយោគបានស្វែងរកទីតាំងដើម្បីបង្កើតកន្លែងវិនិយោគ។
បើតាមលោកវង្សី វិស្សុត រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមរយៈការវិនិយោគជាបន្តបន្ទាប់ទាំងវិនិយោគិនក្នុងនិងក្រៅប្រទេសបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលកន្លះឆ្នាំមកនេះ អាចទប់ទល់បាន និងមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលរលំឡើយ។
លោកបន្តថា វិនិយោគិនបរទេសនៅតែបន្តចូលមកស្វែងរកការវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា ទោះបីជាមានរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ជាពិសេសវិនិយោគិនមកពីប្រទេសចិន ដែលបានធ្វើឱ្យចិនក្លាយជាប្រភពដ៏សំខាន់ក្នុងការរុញច្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕