ដោយៈ ប៊ី
ភ្នំពេញៈ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON) សម្រេចកែលម្អអគារពាណិជ្ជកម្មរបស់ខ្លួន (AEON Mall 1) ដែលមានទីតាំងនៅវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ ដោយពង្រីក និងសាងសង់ជាន់បន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុនផ្សារទំនើប AEON បានឱ្យដឹងកាលពីម្សិលមិញថា ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ គឺជាផ្សារទំនើបដំបូងគេបង្អស់នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី (ហៅកាត់តទៅនេះថា «ក្រុមហ៊ុនយើង») នៅក្នុងប្រទេសកម្ពុជា។
ផ្សារទំនើបនេះបានបើកដំណើរការជាផ្លូវការក្នុងខែមិថុនា ឆ្នាំ ២០១៤ ដែលជាកន្លែងមួយនាំមកនូវបែបផែននៃការរស់នៅចុងក្រោយគេបង្អស់ ក៏ដូចជាសេវាកម្មផ្សេងៗ ដើម្បីឆ្លើយតបឱ្យសមស្របនឹងតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុនបានឱ្យដឹងដូច្នេះថា ដោយសារតែតម្រូវការទីផ្សារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនយើងបានសម្រេចចិត្តកែលម្អអគារពាណិជ្ជកម្មនេះ ដោយពង្រីក និងបន្ថែមគ្រឿងបរិក្ខារទំនើបៗ ដែលនេះជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនយើងទៅមួយកម្រិតទៀត ដើម្បីក្លាយជាផ្សារទំនើបយ៉ាងប្រណីតនៅកណ្ដាលទីក្រុងភ្នំពេញ។
ទោះបីជាយ៉ាងក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញពីចំនួនជាន់ និងទំហំដែលត្រូវបានពង្រីកនោះទេ ដោយគ្រាន់បង្ហាញរូបភាពប្លង់មួយចំនួនប៉ុណ្ណោះ។
នៅក្នុងផ្សារទំនើប AEON MALL នេះមានហាងទំនិញជាច្រើន រួមទាំង មានរោងភាពយន្ដ ភោជនីយដ្ឋាន និងស្ថានីយ ទូរទស្សន៍មួយផងដែរ ដែលមានទីតាំងនៅវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្បែរសណ្ឋាគារ សូហ្វ៊ីតែល។
ផ្សារនេះ គឺជាផ្សារទំនើបខ្នាតធំអន្ដរជាតិមួយដែលលាតសន្ធឹងនៅលើផ្ទៃដីទំហំ៦ ម៉ឺន៨ពាន់ម៉ែត្រការ៉េ និងមានទំហំអគារ១សែន ៨ពាន់ម៉ែត្រការ៉េ និងមានកម្ពស់៤ជាន់ ដែលអាចផ្ទុករថយន្ដបាន១៤០០គ្រឿង និងម៉ូតូ ១៦០០គ្រឿងដែលជាកន្លែងដ៏ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕