ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញបានបង្ហើបពីតំបន់មួយចំនួននៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដែលមានសក្ដានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងអាចទាញយកផលចំណេញបានខ្ពស់នាពេលនាំអនាគត។
វិនិយោគិនមិនគួរមើលរំលងតំបន់ទាំងនេះ ដោយសារតំបន់ទាំងនេះសក្ដានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអចលនទ្រព្យ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់កាលចុងសប្តាហ៍កន្លងមកនេះថា សម្រាប់វិនិយោគិន ដែលវិនិយោគលើវិស័យអចលនទ្រព្យ គួរវិនិយោគក្នុងរាជធានីភ្នំពេញ តំបន់ជាយក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ដែលកំពុងផ្សារជាប់ជាមួយរាជធានីភ្នំពេញ មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ផ្នែកខ្លះនៃខេត្តព្រៃវែង ដែលជាតំបន់ និងខេត្តមានសក្ដានុពលខ្ពស់ ព្រមទាំងអភិវឌ្ឍន៍លឿន។
លោកបានបន្ថែមថា “ការអះអាងបែបនេះ ដោយសារតែខេត្ត និងតំបន់ទាំងនេះជាកន្លែង ដែលផ្សារជាប់ដោយផ្លូវក្រវាត់ក្រុងទី៣ ទី៤ និងការអភិវឌ្ឍន៍មុំ៣៦០ឌឺក្រេ នៃរាជធានីភ្នំពេញ។ ដូច្នេះតំបន់ទាំងអស់នេះនឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ”។
លោកក៏បានបង្ហាញពីតំបន់មួយចំនួនទៀត ក្រៅអំពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបាន និងកំពុងមានសក្ដានុពលខ្ពស់ ទាំងផ្នែកអចលនទ្រព្យ និងវិស័យទេសចរណ៍ គឺមានខេត្តកែប, សៀមរាប និងខេត្តកំពត ដែលជាខេត្តដែលមានសក្ដានុពលខ្ពស់ និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរ និងជំរុញដល់វិស័យអចលនទ្រព្យ។
លោកបន្ដថា នៅក្នុងខេត្តកែប មានការអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនធំ ពិសេសរីស៊តតូចៗ កំពុងមានវឌ្ឍនភាព រីឯខេត្តកំពតក៏ចាប់ផ្ដើមឡើងពីកំពង់ផែ ជាផ្នែកតូចមួយ សម្រួលការដឹកជញ្ជូន។ ចំណែកខេត្តសៀមរាប ជាខេត្តដែលផ្ដល់សក្ដានុពលខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។
លោកបញ្ជាក់ថា មានកត្តាជាច្រើនធ្វើឲ្យខេត្តទាំងនេះ មានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ខេត្តសម្បូរដោយធនធានធម្មជាតិ មានប្រាសាទដែលជាកេរ្ដិ៍តំណែលពីដូនតា។
ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានថ្លែងប្រាប់ថា វិនិយោគិនគួរសម្លឹងការវិនិយោគ នៅតំបន់ជាយក្រុងភ្នំពេញ ពិសេសនៅភាគខាងត្បូង និងក្រវាត់ក្រុងទីបី ដោយសារតែតំបន់នោះមានការអភិវឌ្ឍលឿន និងមិនទាន់មានការអភិវឌ្ឍន៍ឆ្អែត ដូច្នេះវិនិយោគនៅតែអាចរកផលចំណេញ ពីតំបន់ទាំងនេះបាន។
លោកបានឱ្យដឹងថា ខេត្តមួយចំនួន ដែលមានសក្ដានុពលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីផលចំណេញ មានដូចជាខេត្តកែប កំពត កោះកុងជា និងខេត្តមណ្ឌលគិរី ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ដោយសារតែខេត្តទាំងអស់នេះត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ ជាច្រើនពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈខេត្តទាំងអស់នេះកំពុង តែទទួលបានការវិនិយោគជាបន្តប ន្ទាប់។
លោកបានថ្លែងបន្តថា“បើនិយាយពីការវិនិយោគអចលនទ្រព្យ សម្រាប់ផលចំណេញ គឺភាគច្រើនគេនិយាយពីការវិនិយោគលើវិស័យដីធ្លីនេះតែម្តង”។ លោកបានបន្តថា “អំឡុងពេលដែលវិបត្តិនេះ នៅពេលដែលវិនិយោគិនឆ្លាតវៃណា អាចរកបានអចលនទ្រព្យណាមួយដែលមានតម្លៃក្រោមទីផ្សារ និងរួចទិញយកសម្រាប់យកផលចំណេញនាពេលអនាគត នេះគឺជាឱកាសមួយដ៏ល្អប្រសើរ”។
លោកឆៃលីនបានបន្តថា ដើម្បីទទួលបានផលចំណេញ នៅពេលខាងមុខអ្នកវិនិយោគគួរ ការវិនិយោគពីពេលឥឡូវនេះ នៅពេលដែលវិបត្តិកូវីដបញ្ចប់ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង នៅពេលនោះហើយដែលអ្នកវិនិយោគ ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគវិស័យអចលនទ្រព្យរបស់ខ្លួន៕