ដោយៈសុខុម
សិង្ហបុរី: ក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍ Zoom Video Communications ដែលទូទៅយើងស្គាល់ថាZoom បានព្រមព្រៀងទិញយកក្រុមហ៊ុនផ្គត់ផ្គង់សូហ្វែរCloud computing មានឈ្មោះថា Five9 Inc ក្នុងតម្លៃប្រមាណ១៤,៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៩ កក្កដា នេះ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ចេញកាលពីថ្ងៃអាទិត្យ ទី១៨ កក្កដា ឱ្យដឹងថា ក្រុមហ៊ុនFive9 នឹងក្លាយជាអង្គភាពប្រតិបត្តិការរបស់ក្រុមហ៊ុនZoom ហើយលោក Rowan Trollope ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Five9 នឹងក្លាយជាប្រធានក្រុមហ៊ុន Zoom។
សេចក្ដីថ្លែងការណ៍ខាងលើបញ្ជាក់ថា លោកRowan Trollope នឹងនៅតែជាប្រធានអង្គភាពប្រតិបត្តិការមួយនេះដដែល ក្រោយពីកិច្ចព្រមព្រៀង ដែលតាមការរំពឹងទុកថានឹងបញ្ចប់ជាស្ថាពរនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២២។
ផ្អែកលើតម្លៃភាគហ៊ុនប្រភេទ A ឬ Class A របស់ក្រុមហ៊ុនZoom ដែលបានបិទការជួញដូរកាលពីថ្ងៃទី១៦ កក្កដា បង្ហាញថា ភាគហ៊ុនធម្មតារបស់ក្រុមហ៊ុន Five9 មានតម្លៃ២០០.២៨ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ដូចនេះកិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ១៤,៧ពាន់លានដុល្លារ។
ក្រុមហ៊ុន Zoom ទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា មិនធ្លាប់មានចាប់តាំងពីផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ដ៏កាចសាហាវ។ ខណៈអាជីវកម្ម ក្រុមហ៊ុនសហគ្រាស សាលារៀនត្រូវបានបិទទ្វារ ការបិទខ្ទប់ទីក្រុង បម្រាមគោចរណ៍ដែលមនុស្សមិនអាចចេញទៅណាមកណាបានដោយសេរីដូចមុន កម្មវិធី Zoom បានក្លាយជាមធ្យោបាយដ៏ពេញនិយមសម្រាប់មនុស្សប្រាស្រ័យទាក់ទងគ្នា មិនថារឿងផ្ទាល់ខ្លួន ការងារ ឬការសិក្សា។
ឱកាសមាសដ៏កម្រនៅក្នុងហានិភ័យនេះ បានរុញច្រានឱ្យក្រុមហ៊ុន Zoom ទទួលបានកំណើនប្រាក់ចំណូលមហាសាល ក្នុងរយៈពេលដ៏ខ្លីស្ទើរមិនគួរឱ្យជឿ៕