ទោះជាការទិញលក់ធ្លាក់ចុះ តែតម្លៃដីធ្លីក្នុងវិបត្តិកូវីដ១៩រក្សាលំនឹង មូលហេតុអ្វី?

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តម្លៃដីធ្លីក៏ដូចជាអចលនទ្រព្យផ្សេងទៀត នៅក្នុងវិបត្តិកូវីដ១៩នេះ នៅរក្សាលំនឹងដដែល ខណៈសកម្មភាពនៃការទិញលក់មានការថមថយបន្តិច ប៉ុន្តែមិនមែនស្ងប់ស្ងាត់នោះឡើយ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា បានលើកឡើងថា នៅក្នុងវិបត្តិកូវីដ១៩ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ ២០២១នេះ សកម្មភាព នៃការទិញលក់ដីធ្លីមានការថមថយបន្តិច ខណៈតម្លៃនៅរក្សាលំនឹងថេរ ដោយមិនមានឡើងនិងមិនចេះ តែក៏មានដីធ្លីរបស់ម្ចាស់អចលនទ្រព្យមួយចំនួនលក់ក្រោមទីផ្សារដែរ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា បើទោះបីជាកម្ពុជាជួបវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីឌ១៩យ៉ាងនេះក្ដី ប៉ុន្តែមិនបានធ្វើ ឱ្យតម្លៃដីធ្លីធ្លាក់ចុះនោះទេ ដោយសារតែម្ចាស់ដីធ្លីមួយចំនួនមិនត្រួវការសាច់ប្រាក់ ប៉ុន្តែអ្នកកំពុងជួបវិបត្តិដោយសារតែកូវីដ១៩ និងត្រូវការថវិកាបន្ទាន់ដោះស្រាយជីវភាពក៏បានប្រកាសលក់ដីធ្លីក្រោមតម្លៃទីផ្សារ។

លោកបន្តថា “ការលក់ដីធ្លីនៅក្រោមតម្លៃទីផ្សារនេះ មិនត្រូវបានចាត់ទុកថាតម្លៃធ្លាក់ចុះនោះទេ ព្រោះវាមិនមែនជាតម្លៃទូទៅ វាគ្រាន់តែជាតម្លៃបុគ្គល ដែលមិនមែនជាតម្លៃរួមរបស់តំបន់ណាមួយឡើយ”។

លោកបន្តថា តំបន់ជុំវិញរាជធានីភ្នំពេញ៥០គីឡូម៉ែត្រ គឺនៅតែរក្សាតម្លៃល្អប្រសើរ ក្នុងវិបត្តិកូវីដ១៩នេះ។ មិនត្រឹមតែប៉ុណ្ណោះទេ មានតំបន់មួយចំនួនមួយទៀតមិនត្រឹមតែមិនធ្លាក់ថ្លៃទេថែមទាំងឡើងថ្លៃទៅទៀត ជាពិសេសនៅតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យ។ តំបន់ជាយក្រុងនៃរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថានៅតែមានឱកាសក្នុងការឡើងថ្លៃបន្តទៀត។

លោកសំ សុខនឿនបានបន្តថា ដូច្នេះហើយអ្នកដែលមានលុយមានឱកាសក្នុងការវិនិយោគ ទទួលបានប្រាក់ចំណេញនៅពេលចប់វិបត្តិកូវីដ១៩ ឬនៅពេលអនាគតខាងមុខឆាប់ៗនេះ ខណៈនៅក្នុងវិបត្តិនេះ អ្នកដែលមានលុយគឺមានឱកាស ក្នុងការទិញដីធ្លីនៅតំបន់ល្អៗ ហើយបើទិញចំម្ចាស់ត្រូវការលក់បន្ទាន់ទៀត គេអាចមានទឹកមាត់ប្រៃក្នុងការចរចាក្នុងតម្លៃពិសេសទៀតផង។

ដោយឡែកលោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យ ឡាក់គីក៏បានឱ្យដឹងផងដែរថា អ្នកមានលុយមួយចំនួនគេទុកលុយគេសិន ដោយមិនទាន់ទិញដីឬដាក់ទុនវិនិយោគព្រោះលុយគេនៅតែជាលុយគេ មិនបាត់ទៅណាឡើយ។ ដូច្នេះហើយទើបធ្វើឱ្យសកម្មភាពទិញលក់មានការថមថយ។

លោកបន្តថា “ប៉ុន្តែបើសិនជាដីតំបន់ណា ដែលគេចង់បានហើយលក់ក្រោមទីផ្សារគេអាចនឹងទិញទុកដើម្បីចំណេញ នៅពេលអនាគត ឬក៏ទុកអភិវឌ្ឍន៍ដោយខ្លួនឯងពេលចប់វិបត្តិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here