ផ្លូវជាតិលេខ៥១នឹងក្លាយទៅជាប៉ូលឧស្សាហកម្មខណៈវិស័យអចលនទ្រព្យនៅតំបន់នេះកំពុងរីកចម្រើន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ បាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងការក្លាយទៅជាប៉ូលឧស្សាហកម្ម ខណៈវិស័យអចលនទ្រព្យក្នុងតំបន់នេះ នៅតែរីកចម្រើន ដោយសារផ្លូវជាតិលេខ៥១នេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងនាពេលខាងមុខ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល(GRA) បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា សកម្មភាពអភិវឌ្ឍន៍នៅតំបន់ផ្លូវលេខ៥១ នៅតែដំណើការប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ខណៈផ្លូវ៥១នេះគឺប៉ូលសំខាន់មួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។

លោកបានឱ្យដឹងថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី ចលនាអភិវឌ្ឍន៍នៅតាមផ្លូវ៥១ កើនឡើង ហើយបច្ចុប្បន្ននេះ តំបន់ផ្លូវ៥១ គឺប៉ូលសម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្ម ព្រោះតំបន់នេះជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងកំពុងមានការរីកចម្រើនឆ្ពោះទៅរកការអភិវឌ្ឍផ្នែកឧស្សាហកម្ម។

លោកបានថ្លែងថា ផ្លូវ៥១គឺផ្លូវមួយស្ថិតនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ របស់ផែនការមេ ហើយតំបន់នឹងបន្តរីកចម្រើនទៅមុខ ខណៈការអភិវឌ្ឍអចលនទ្រព្យ ដែលកំពុងមានការកើនឡើង នៅតំបន់នេះ គឺភាគច្រើនផោ្តតលំនៅដ្ឋាន ដែលបំពេញតម្រូវការឱ្យប្រជាជននៅតំបន់ឧស្សាហកម្ម។

លោកបានឱ្យដឹងទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ៥១ អាចរកបាន៥០ដុល្លារ ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យស្ថានភាពដី និងទំហំដីជាក់ស្តែង។

លោកសន សៀបស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត ធ្លាប់បានឱ្យដឹងថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ មានសក្តានុពលខ្លាំង សម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។

លោកបានពន្យល់ថា តំបន់នេះជាតំបន់ខ្ពង់រាបមិនលិចទឹក ដោយតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ ពីចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់តំបន់វិនិយោគថ្មី នៃខណ្ឌព្រែកព្នៅ។ ចំណុចទាំងនេះ ជាអំណោយផលល្អ សម្រាប់តំបន់ទាំងមូល។

លោកបានថ្លែងថា មានវិនិយោគិនជាច្រើន កំពុងសម្លឹងមើលពីសក្តានុពលនៅទីតាំងនេះ និងបានចាប
ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំ សម្រាប់ការវិនិយោគនាពេលអនាគត។

ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ទៅផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង)។ ផ្លូវជាតិលេខ៥១នេះ ត្រូវបានសាសង់ក្រោមមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here