ដោយៈ ប៊ី
ភ្នំពេញៈ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋានកាលខែវិច្ឆិកា ឆ្នាំ២០១៩ ត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចលទ្ធផលជាច្រើន ដែលកំពុងជំរុញ និងលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធកម្មវិធី Zoom ដើម្បីពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការស្ថាបនាផ្លូវមួយចំនួន នៅខេត្តព្រះសីហនុ និងខេត្តកែប ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាសមាជិក, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាសមាជិក, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.អ.ឆ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ដ.ន.ស ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សរុបប្រមាណ៦៣រូប។
ជាមួយគ្នានដែរ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាននាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានរយៈពេល៥៥៩ថ្ងៃ និងសម្រេចលទ្ធផលដូចខាងក្រោម៖
ការងារកម្រាលផ្លូវបេតុង ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់ ការងារដំឡើងលូរណប ការងារអ៊ុតកៅស៊ូ ការងាររៀបខឿនចិញ្ចើមផ្លូវ ការងារចិញ្ចើមផ្លូវសាធារណៈ ការងារគំនូសចរាចរណ៍ ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើ និងការងារស្ថាបនាផ្ទាំងអក្សរ «ខ្មែរធ្វើ» បានសម្រេចបាន១០០%។
ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ សម្រេចបាន៨៤%។
ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន៦៧% នៅសល់ការងារភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញខ្សែអុបទិកជាមួយកាមេរ៉ា។
ការងារស្ថាបនាបន្ទប់ទឹកសាធារណៈចំនួន៩ទីតាំង សម្រេចបាន៩៥% ក្នុងនោះមាន៥ទីតាំងសម្រេចបាន ១០០%។
ការងារស្ថាបនារង្វង់មូល និងបដិមាទាំង៣ ក្នុងនោះរង្វង់មូល និងបដិមាចំនួន២ បានបញ្ចប់ការដំឡើងរួចរាល់ គីរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី ដោយឡែករង្វង់មូលព្រះថោងនាងនាគ សម្រេចបាន៩០%៕