ការងារស្ថាបនាផ្លូវដែកពីប្រទេសចិន-មកកាន់ប្រទេសឡាវកំពុងក្លាយជាសំណួរ ពីឥទ្ឋិពលចិនលើប្រទេសឡាវ?

0

ដោយៈសុខុម

វៀងចន្ទន៍: ថ្វីបើរងផលប៉ះពាល់ពីវិបត្តិវីរុសកូវីដ-១៩ ក្ដី ក៏ទាំងក្រុមវិស្វករចិន និងក្រុមវិស្វករឡាវ កំពុងតែប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាបញ្ចប់គម្រោងផ្លូវដែកចិន-ឡាវ (China-Laos Railway) និងដាក់ឱ្យដំណើរការទាន់ពេលវេលាតាមការគ្រោងទុកនៅខែធ្នូ ចុងឆ្នាំនេះ។

លោកXiao Qianwen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្លូវដែក Laos-China Railway Co., Ltd បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua កាលពីពេលថ្មីៗនេះថា “ថ្ងៃទី០២ ធ្នូ ចុងឆ្នាំ២០២១ ជាថ្ងៃដែលយើង ត្រូវបញ្ចប់ការស្ថាបនាផ្លូវដែកនេះ និងត្រៀមរួចរាល់សម្រាប់ការបើកដំណើរការពេញលេញ”។

ក្រុមហ៊ុនផ្លូវដែក Laos-China Railway Co., Ltd គឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវៀងចន្ទន៍ សម្រាប់ទទួលបន្ទុកអនុវត្តការស្ថាបនា និងការដំណើរការផ្លូវដែក ទំនើបដំបូងបង្អស់នៅក្នុងប្រទេសឡាវ។

លោកបានបន្ថែមទៀតថា “យើងនឹងមិនផ្លាស់ប្តូរកាលវិភាគឡើយ ហើយយើងកំពុ​ងខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបានតាមគោលដៅកំណត់នោះ ដោយការងារវិស្វកម្មសម្រេចបានជាង៩០% ហើយយើងកំពុងតែត្រៀមរៀបចំសម្រាប់ការបើកដំណើរការ”។

យោងតាមលោក Xiao Qianwen ឱ្យដឹងថា ការដ្ឋានភាគច្រើនស្ថិតនៅតាមតំបន់ភ្នំដែលមានស្ថានភាពភូមិសាស្ត្រស្មុគស្មាញ និងពិបាកធ្វើដំណើរចេញចូល ជាពិសេសក្នុង  រដូវវស្សា ជាហេតុធ្វើឱ្យការងារសាងសង់ជួបការលំបាកខ្លាំង។

ចំណែកលោក Bounthong Chitmany អនុប្រធានក្រុមហ៊ុនផ្លូវដែក Laos-China Railway Co., Ltd នៃភាគីឡាវ បានធ្លាប់បានលើកឡើងកាលពីខែមុនថា ការស្ថាបនាផ្លូវដែកចិន-ឡាវ នេះបានជួបបញ្ហាប្រឈម និងការលំបាកជាច្រើនអំឡុងវិបត្តិកូវីដ-១៩ ប៉ុន្តែការបន្តការងារស្ថាបនាឥតឈប់ បានផ្ដល់នូវទំនុកចិត្តថា គម្រោងនេះនឹងបញ្ចប់ជាស្ថាពរការតាមគ្រោងទុកនៅក្នុងខែធ្នូ ចុងឆ្នាំនេះ។

ផ្លូវដែកប្រវែងជាង៤០០គីឡូម៉ែត្រនេះ នឹងរត់ពីច្រកព្រំដែនបូតេន (Boten) ក្នុងប្រទេសឡាវ ភាគខាងជើងដែលជាប់ព្រំដែនប្រទេសចិន ឆ្ពោះទៅកាន់ក្រុងវៀងចន្ទន៍ ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការងារស្ថាបនាគម្រោងផ្លូវដែកនេះ បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងបញ្ចប់ និងបើកដំណើរការនៅខែធ្នូ ចុងឆ្នាំ២០២១។

ប្រទេសឡាវបានជាប់ផុង ក្នុងមនោគមវិជ្ជារបស់ប្រទេសមួយ ប៉ុន្តែបច្ចុប្បន្ននេះប្រទេសនេះកំពុងរៀបចំផែនការ ដើម្បីធានាបាននូវអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ខ្លួន តាមរយៈការចងសម្ព័ន្ឋមិត្តជាមួយមហាមិត្តចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here