គម្រោងNaga3តម្លៃ៣៥០០លានដុល្លារនៅតែបន្តសកម្មភាពយ៉ាងមមាញឹក ទោះស្ថិតវិបត្តិកូវីដ១៩

0

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងមជ្ឈមណ្ឌលណាហ្គា៣ (Naga3) ដែលជាមជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំ និងល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ខណៈនេះគម្រោងនេះ នឹងអាចក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា បន្ទាប់ពីការសាងសង់បញ្ចប់។

យោងតាមទិដ្ឋភាពជាក់ស្តែង រហូតខែកក្កដា ឆ្នាំ២០២១ ក្រុមការងារគេហទំព័រ Propertyarea.asia បានសង្កេតឃើញថា សកម្មភាពនៅការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលណាហ្គា៣ មានភាពមមាញឹក ដោយមានគ្រឿងម៉ាស៊ីនធំៗ រាប់ចាប់ពីម៉ាស៊ីនដងស្ទួច រហូតម៉ាស៊ីនបុកគ្រឹះធំ បាននិងកំពុងដំណើរការក្នុងការសាងសង់។

នេះបញ្ជាក់ថា ទោះស្ថិតកូវីដ១៩ក៏ដោយ ក្រុមហ៊ុនណាហ្គា នៅតែបន្តការសាងសង់គម្រោងមជ្ឈមណ្ឌលណាហ្គា៣ ទៅតាមគម្រោងរបស់ខ្លួន។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា កាលពីខែមករា ក្រុមកម្មករ បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។

ក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ បានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

គម្រោង ដែលមានទំហំគិតជាទឹកប្រាក់ ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈ​មណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ​។

Naga3 នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០ ទៅលើមជ្ឈម ណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោងមានចំនួន៥០០ ០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here