ដំណឹងរីករាយៈសម្តេចតេជោប្រកាសរើសយកថ្ងៃទី៦ សីហាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់កុមារចាប់ពីអាយុ១២ដល់១៧ឆ្នាំ

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh Newsជូនជនរួមជាតិឲ្យបានជ្រាបថា សម្តេចតេជោអនុ​ញ្ញាតឲ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខ។

មានប្រសាសន៍ប្រាប់លោកលឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃសុក្រទី២៣ កក្កដានេះ សម្តេចតេជោបានឲ្យដឹងទៀតថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។

នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានប្រកា​សដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេ​សការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។

បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន “៣ការពារ និង៣កុំ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here