ពន្ធដារដាក់ចេញសៀវភៅណែនាំស្តីពី“ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ”ដើម្បីជំរុញការបង់ពន្ធនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញសៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” ដើម្បីផ្សព្វផ្សាយចំណេះដឹងជូនសាធារណជន និងអ្នកជាប់ពន្ធឱ្យបានយល់ដឹងកាន់តែទូលំទូលាយអំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិនានានៃការបង់ពន្ធលើអចលនទ្រព្យឱ្យបានត្រឹមត្រូវ។ នេះបើយោងតាមការចែករំលែកព័ត៌មានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

សៀវភៅណែនាំស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ឬហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ” ត្រូវបានរៀបរៀងឡើងអនុលោមតាមមាត្រា៩៦ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងគោល បំណងផ្សព្វផ្សាយចំណេះដឹងជូនសាធារណជន និងអ្នកជាប់ពន្ធឱ្យបានយល់ដឹងកាន់តែទូលំទូលាយអំពីទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិនានា និងនីតិវិធីនៃការបង់ពន្ធ ព្រមទាំងជាជំនួយស្មារតីបន្ថែមទៀត ក្នុងការបញ្ជ្រាបវប្បធម៌បង់ពន្ធ និងបំពេញ កាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យឱ្យបានត្រឹមត្រូវ។

មាតិកានៃសៀវភៅនេះ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាពិសេសដើម្បីបកស្រាយនូវចម្ងល់នានាពាក់ ព័ន្ធនឹងពន្ធនេះ ដោយត្រូវបានបែងចែកជា៥ ផ្នែកសំខាន់ៗដូចជា៖ ផ្នែកទី១ បង្ហាញអំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិ នានា ដោយដកស្រង់នូវពាក្យគន្លឹះ និងខ្លឹមសារសំខាន់ៗមកធ្វើការពន្យល់បន្ថែមឱ្យកាន់តែងាយយល់។

ផ្នែកទី២ ផ្តោត ទៅលើអត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ រួមផ្សំនឹងឧទាហរណ៍ចំពោះករណីផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ផ្សេងៗផងដែរ។ ផ្នែកទី៣ បង្ហាញអំពីកាតព្វកិច្ចអ្នកជាប់ពន្ធនិងនីតិវិធីសារពើពន្ធនៃការដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រា។

ដោយឡែក ទោសទណ្ឌ និងសិទ្ធិក្នុងការតវ៉ារបស់អ្នកជាប់ពន្ធក៏ត្រូវបានរំលេចនៅផ្នែកទី៤ ហើយផ្នែកបញ្ចប់បង្ហាញអំពី សេវាអ្នកជាប់ពន្ធដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានាជូនអ្នកជាប់ពន្ធ និងព័ត៌មានបន្ថែមសម្រាប់អ្នកជាប់ពន្ធធ្វើការទំនាក់ទំនងករណីមានចម្ងល់បន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here