ធនាគារនានាផ្តល់កម្ចីជាង៤៤០០លានដុល្លារដល់អតិថិជនក្នុងការទិលំនៅដ្ឋាន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារនានានៅកម្ពុជា បានផ្តល់កម្ចីប្រមាណ៤,៤៤ពាន់លានដុល្លារដល់ប្រជាជន ក្នុងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ខណៈវិស័យធនាគារបាននិងកំពុងដើរតួនាទីសំខាន់ សម្រាប់វិស័យនិងអចលនទ្រព្យ។

យោងតាមរបាយការប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលបានចេញផ្សាយកាលពីថ្មី​ៗនេះបានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ឥណទានអតិថិជនកើនឡើង១៩,១% ដល់១៣៦ទ្រីលានវៀល (ស្មើនឹង៣៣,៩ពាន់លានដុល្លារអាមេរិក) ក្នុងនោះការឱ្យខ្ចីទិញផ្ទះជាកម្មផ្ទាល់ខ្លួនមាន១៣,១% ស្មើនឹងប្រមាណ៤,៤៤ពាន់លានដុល្លារ នៃឥណទានអតិថិជនសរុប។

លោកប៉ូ អ៊ាវគង់អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Advance Real Estate Co,. Ltd បានថ្លែងប្រាប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា វិស័យធនាគារពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយសារអ្នកទិញលំនៅដ្ឋានបច្ចុប្បន្នភាគច្រើន ប្រើប្រាស់ឥណទានរបស់ធនាគារនានា ដើម្បីទិញលំ​នៅដ្ឋានផ្ទាល់ខ្លួន។

លោកបានបន្តថា “ការទិញលំនៅដ្ឋានបច្ចុប្បន្ន អ្នកខ្លះបានប្រើប្រាស់ការបង់រំលស់តាមរយៈក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្ទាល់ ប៉ុន្តែអ្នកខ្លះទៀតប្រើប្រាស់ឥណទានរបស់ធនាគារ ដើម្បីទិញលំនៅដ្ឋានរបស់ពួកគេ”។

លោកបានថ្លែងទៀតថា “អ្នកប្រើប្រាស់ឥណទានធនាគារភាគច្រើន ជាប្រជាជនវ័យក្មេង ដែលទើបរៀបការហើយបែកពីគ្រួសារមករស់នៅជាមួយប្តី ប្រពន្ធរបស់ពួកគេ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់ មិនសូវប្រើប្រាស់ឥណទានរបស់ធនាគារនោះទេ ពួកគេតែងតែប្រើប្រាស់សាច់ប្រាក់សុទ្ធ ដើម្បីទិញលំនៅឋានសម្រាប់រស់នៅក៏ដូចជាទិញលំនៅឋានសម្រាប់កូនរបស់ពួកគេ”។

ទាងទងនឹងស្ថានភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា និយាយចំពោះប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%ភាគរយ ឥណទានអតិថិជនមានកំណើន២៣,៤ភាគរយ និងប្រាក់បញ្ញើអតិថិជនកើន២០,៧ភាគរយ។

លោកបានឱ្យដឹងទៀតថា ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត ២៤,៤ភាគរយ សម្រាប់វិស័យធនាគារ និង២២,៧ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

លោកបន្ដថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការមានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here