ក្រុមហ៊ុនStarbucks សម្រេចដកខ្លួនចេញពីទីផ្សារកូរ៉េខាងត្បូង ដោយលក់ចេញភាគហ៊ុនទាំងអស់របស់ខ្លួន

0

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនហាងកាហ្វេ Starbucks Corp ដ៏ល្បីល្បាញបានសម្រេចដកខ្លួនចេញពីការបណ្តាក់ទុនរួមគ្នារបស់ខ្លួននៅកូរ៉េខាងត្បូង តាមរយៈការលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងតម្លៃជាង២ពាន់លានដុល្លារអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៧ កក្កដា នេះឱ្យដឹងថា Starbucks នឹងលក់ភាគហ៊ុនខ្លះរបស់ខ្លួន ឱ្យទៅក្រុមហ៊ុនដៃគូក្នុងស្រុក E-Mart Inc ហើយភាគហ៊ុនដែលនៅសេសសល់ នឹងលក់ឱ្យទៅក្រុមហ៊ុនវិនិយោគសិង្ហបុរី GIC។

ក្រុមហ៊ុន E-Mart ដែលជាក្រុមហ៊ុនលក់រាយធំបំផុតមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារ នេះថា ខ្លួននឹងទិញភាគហ៊ុនចំនួន១៧.៥%បន្ថែមទៀតនៅក្នុងក្រុមហ៊ុន Starbucks Coffee Korea ក្នុងតម្លៃ៤១១លានដុល្លារ ហើយខ្លួននឹងបន្តដំណើរការហាងកាហ្វេ Starbucks ធម្មតា ចំណែកឯក្រុមហ៊ុន GIC នឹងកាន់កាប់ភាគហ៊ុនដែលនៅសល់៣២,៥%។

យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា អាជីវកម្មទាំងមូលខាងលើនេះ អាចមានតម្លៃសរុប២,៣៥ពាន់លានដុល្លារអាមេរិក ហើយថាក្រុមហ៊ុន GIC នឹងត្រូវចំណាយ៧០០លានដុល្លារសម្រាប់ភាគហ៊ុនរបស់ខ្លួន។

ទោះជាយ៉ាងណា ក្រុមហ៊ុន GIC បានបដិសេធមិនឆ្លើយបំភ្លឺឡើយ ជុំវិញតម្លៃនៃកិច្ចព្រមព្រៀងនេះ។

តំណាងក្រុមហ៊ុនStarbucks និយាយថា តាមការរំពឹងទុក កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេល៩០ថ្ងៃខាងមុខ។ ក្រុមហ៊ុនហាងកាហ្វេយក្សរបស់សហរដ្ឋអាមេរិក មួយនេះបានចាត់ទុកប្រទេសកូរ៉េខាងត្បូង ជាទីផ្សារធំបំផុតទី៥របស់ខ្លួន។

ជាមួយសាខាហាងកាហ្វេ Starbucks ជាង១.៥០០ទីតាំងនៅក្នុងទីក្រុងចំនួន៧៨ ប្រាក់ចំណេញប្រតិបត្តិការរបស់ Starbucks Coffee Korea បានកើនឡើងដល់៣៩.៥លានដុល្លារ ក្នុងត្រីមាសទី១។ កាលពីឆ្នាំមុនជាពេលដែលផ្ទុះការឆ្លងកូវីដ-១៩ ខ្លាំងប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ៦%បើធៀបនឹងឆ្នាំ២០១៩។

ទោះជាយ៉ាងណា Starbucks Coffee Korea បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញមូលហេតុ ដែលក្រុមហ៊ុនហាងកាហ្វេយក្ស របស់សហរដ្ឋអាមេរិក សម្រេចដកខ្លួនចេញពីទីផ្សារប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here