ដោយ សុខុម
សេអ៊ូល: ក្រុមហ៊ុនកូរ៉េខាងត្បូង ចំនួនពីរគឺក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា ថា ខ្លួននឹងបង្កើតការបណ្តាក់ទុនរួមគ្នាមួយនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី (EV)។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងដឹងថា គម្រោងវិនិយោគនេះមានទំហំ១,១ពាន់លានដុល្លារ ដោយភាគីនីមួយៗកាន់កាប់ចំណែកពាក់កណ្ដាលម្នាក់នៃអាជីវកម្មបណ្ដាក់ទុនរួមគ្នានេះ។
ការបណ្ដាក់ទុនរួមគ្នានេះនឹងជួយឱ្យក្រុមហ៊ុន Hyundai និងក្រុមហ៊ុនជាសាខា Kia Corp ទទួលបានការផ្គត់ផ្គង់ដោយស្ថិរភាព នូវអាគុយរថយន្តអគ្គិសនីក្នុងតម្លៃសមរម្យសម្រាប់រថយន្តអគ្គិសនីរបស់ពួកគេ។
ក្រុមហ៊ុន LG Energy Solution ដែលជាបុត្រសម្ព័ននៃក្រុមហ៊ុន LG Chem Ltd និងក្រុមហ៊ុន Hyundai បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន មួយនេះ។
ដំណឹងនេះកើតមានឡើង ស្របពេលបណ្ដាក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកផ្អើលងាកទៅផលិតរថយន្តអាគុយដោយសង្ឃឹមថានឹងបង្កើនការលក់ដោយសារតែទទួលបានការឧបត្ថម្ភធន និងកូតាពិសេសពីរដ្ឋាភិបាលនានាទូទាំងពិភពលោក ដែលកំពុងស្វះស្វែងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។
ក្រុមហ៊ុនទាំងពីរនិយាយថា ដំណើរការសាងសង់រោងចក្រនេះគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ នេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២៣។
បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញលើកកម្ពស់ការអភិវឌ្ឍរថយន្តអគ្គិសនី និងការផលិតអាគុយក្នុងស្រុក៕