ដោយៈ ប៊ី
ភ្នំពេញៈ អ្នកវិនិយោគមកពីប្រទេសវៀតណាម បានបោះទុនវិនិយោគគិតជាទំហំទឹកប្រាក់ប្រមាណ៨៩,២លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២១ ដោយកម្ពុជាឈរនៅលំដាប់ទី២ បន្ទាប់សហរដ្ឋមេរិក ដែលវៀតណាមបោះទុនវិនិយោគច្រើនជាគេ។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាម នៅចុងសប្តាហ៍។
ការិយាល័យGSO បានពន្យល់ថា ការកើនឡើងយ៉ាងខ្លាំងនេះ គឺដោយសារការបង្កើនទុនវិនិយោគបន្ថែម ពីប្រទេសវៀតណាម ទៅក្នុងគម្រោងនៅបរទេសរបស់ខ្លួន។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានVNA របស់វៀតណាម។
ឧទាហរណ៍ ក្រុមហ៊ុន Indochina Rubber Investment and Development បានបន្ថែមទុនវិនិយោគចំនួន៧៦លានដុល្លារ ដល់គម្រោងរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុនផលិតរថយន្ត Vinfast បានពង្រីកការវិនិយោគនៅក្នុងគម្រោង ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ចំនួន៣២លានដុល្លារ។
ទុនសរុបចំនួន៤២៤,៨លានដុល្លារ ត្រូវបានបញ្ចូលទៅក្នុងគម្រោងចំនួន១១ កើនឡើង៩.១ដង ពីមួយឆ្នាំទៅមួយឆ្នាំ។
លើសពីនេះមានគម្រោងចំនួន២៨ ដែលទទួលបានអាជ្ញាប័ណ្ណនៅក្រៅប្រទេស ដែលមានដើមទុនចុះបញ្ជីសរុប ចំនួន១៤៥.៣លានដុល្លារ ធ្លាក់ចុះ២៩.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកគឺជាទិសដៅកំពូល នៃការវិនិយោគរបស់ប្រទេសវៀតណាមនៅក្នុងរយៈពេលនេះ ជាមួយនឹងទុនវិនិយោគ៣០២,៨លានដុល្លារ ស្មើនឹង៥៣,១ភាគរយនៃការបោះទុនសរុបនៅក្រៅប្រទេស។
ប្រទេសកម្ពុជាឈរនៅលំដាប់ទី២ ដែលវៀតណាមបានបោះវិនិយោគ៨៩,២លានដុល្លារ បន្ទាប់មកឡាវ កាណាដា បារាំង អាល្លឺម៉ង់ និងហូឡង់៕