ដោយៈ ម៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍអាគារបៃតង ប្រកបដោយចីរភាពបរិស្ថាន ដើម្បីលើកកម្ពស់ផាសុកភាពគុណភាពជីវិតដល់អ្នកប្រើប្រាស់អាគារ និងផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម។
លោកទិន ពន្លកអនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពបរិស្ថានផងដែរ ក្នុងនោះក៏ផ្តោតសំខាន់លើទស្សនៈវិស័យ និងគោលការណ៍នៃការអភិវឌ្ឍបៃតង នៅក្នុងចក្ខុវិស័យ និងទិសដៅនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
លោកបានថ្លែងថា អាគារបៃតងបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមរួមានកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រតិបត្តិមេត្រីភាពបរិស្ថាន ប្រសិទ្ធភាពធានធានចាប់តាំងពីដំណាក់កាលរចនាអគាររហូតដល់អគារក្លាយជាសំណល់ ព្រមទាំងការសន្សំសំចៃថ្លៃប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ផាសុកភាព គុណភាពជីវិតដល់អ្នកប្រើប្រាស់អគារជាដើម។
លោកវ៉ាន់ មុនីនាថអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានលើកឡើងថា អាគារភាគច្រើន ទាំងអាគារដែលយើងកំពុងប្រើប្រាស់ និងអគារកំពុងសាងសង់ថ្មីគឺមានការពិចារណាតិចតួចអំពីគោលគំនិតអគារបៃតង ដែលប្រើប្រាស់នូវធនធានសាងសង់ច្រើន ប្រើប្រាស់ថាមពល ទឹក និងបញ្ចេញសំណល់ច្រើន ដែលប៉ះពាល់ដល់បរិស្ថាន ហើយ អាគារទាំងនោះនឹងនៅតែប្រើប្រាស់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ទៀត។
លោកបានថ្លែងបន្តថា គោលគំនិតអាគារបៃតង ដែលផ្ដោតលើការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស ការប្រើប្រាស់ទឹកតិច ប្រសិទ្ធភាពនៃការប្រើប្រាស់ដី ការប្រើប្រាស់សំភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ការកាត់បន្ថយសំណល់ ការកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងពេលសាងសង់ ពេលប្រើប្រាស់អាគារ គឺជាទស្សនទានថ្មីសម្រាប់បរិបទប្រទេសកម្ពុជានៅឡើយ ស្របពេលដែលការរីកចម្រើននៃសំណង់កំពុងតែរីកដុះដាលយ៉ាងខ្លាំង។
លោកបានឱ្យដឹងថា ដូច្នេះ ការបញ្ចូលគំនិតអាគារបៃតងទៅក្នុងការរចនាអាគារសំណង់ និងប្រតិបត្តិការ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រទេសកម្ពុជាមិនទាន់មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់សម្រាប់ការសាងសង់ ឬកែសម្រួលផ្ទះ និងអាគារដែលកំពុងប្រើប្រាស់នៅឡើយ៕