កត្តាពីរជំរុញឱ្យលោកគាម សៀកឡុងនិពន្ធសៀវភៅវិថីអចលនទ្រព្យសម្រាប់អ្នកកំពុងប្រឡូកក្នុងវិស័យនេះ

0
កត្តាពីរជំរុញឱ្យលោកគាម សៀកឡុងនិពន្ធសៀវភៅវិថីអចលនទ្រព្យសម្រាប់អ្នកកំពុងប្រឡូកក្នុងវិស័យនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សៀវភៅ វិថីអចលនទ្រព្យ ដែលជាស្នាដៃនិពន្ធរបស់លោកគាម សៀកឡុងស្ថាបនិកនៃក្រុមហ៊ុនអចលនវត្ថុ Century 21 Dream property សម្រាប់ផ្ដល់ជូនអ្នក ដែលមានបំណងប្រឡូកក្នុងវិស័យអចលនទ្រព្យក៏ដូចអ្នកដែលកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យ។

លោកគាម សៀកឡុងបានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនៅថ្ងៃទី១០ ខៃសីហា ឆ្នាំ២០២១នេះថា មានកត្តាពីរដែលជំរុញឱ្យលោកចាប់ផ្ដើមនិពន្ធសៀវភៅនេះឡើង ហើយលោកនិពន្ធនៅចំពេលដែលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយមិនដឹងថា ត្រូវចេញទៅណាបាននិងធ្វើអ្វីបានលោកក៏សម្រេចចិត្តនិពន្ធសៀវភៅនេះឡើងតែម្ដង ។

លោកបន្តថា កត្តាទី១ គឺលោកចង់ចែករំលែកចំណេះដឹង បទពិសោធន៍ ដែលលោកធ្លាប់ឆ្លងកាត់ការអនុវត្តជាក់ស្ដែង រួមទាំងបទពិសោធន៍បរាជ័យជាច្រើន ដែលលោកបានឆ្លងកាត់។ ដូច្នេះ សៀវភៅនេះនឹងជួយបំភ្លឺដល់អ្នក ដែលនឹងប្រឡុកក៏ដូចជាកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយមិនចង់ឱ្យអ្នក ដែលនឹងចូលក្នុងវិស័យនេះត្រូវខាតពេលវេលានិងថវិកាឡើយ។

លោកបានឱ្យដឹងទៀតថា កត្តាទី២ ចំណូលដែលបានពីការលក់សៀវភៅនេះ លោកនឹងយកទៅធ្វើការងារមនុស្សធម៌ ជួយដល់សង្គមជាតិ ជាក់ស្ដែងមួយរយៈនេះរដ្ឋាភិបាលបានជួបបញ្ហាប្រឈមច្រើន ដូច្នេះត្រូវការជំនួយច្រើន។

លោកបន្ថែមថា សៀវភៅដែលមានចំណងជើងថា វិថីអចលនទ្រព្យ នេះ គឺបែងចែកជាបីជំពូកសំខាន់ៗ ដោយទី១សំដៅដល់អ្នកដែលមិនទាន់ប្រឡូកក្នុងវិស័យអចលនទ្រព្យ ហើយសៀវភៅនេះ នឹងផ្ដល់ជាគន្លឹះសម្រាប់ពួកគាត់មុននឹងចូលប្រឡូកក្នុងវិស័យនេះ។

ជំពូកទី២ និយាយលម្អិតពីអ្នកដែលចង់បង្កើតក្រុមហ៊ុន ក្នុងនោះដែរមានទាំងអ្នកបង្កើតក្រុមហ៊ុនមិនមានបទពិសោធន៍ អ្នកបង្កើតក្រុមហ៊ុនបន្ទាប់ពីធ្វើការទទួលបានបទពិសោធន៍ និងអ្នកទិញFranchise មកធ្វើអាជីវកម្មតែម្ដង។

ជំពូកទី៣ គឺសម្រាប់អ្នកដែលចង់វិនិយោគអចលនទ្រព្យ គឺធ្វើយ៉ាងម៉េចដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ អត់មានហានិភ័យ ការវិនិយោគដែលមានសុវត្ថិភាព និងមានការឆ្លើយជាសំនួរដែលមានអ្នកសួរលោកច្រើនជុំវិញការវិនិយោគអចលនទ្រព្យ។

លោកសៀកឡុងបញ្ជាក់ថា ជាជំហានដំបូងលោកនឹងបោះពុម្ពសៀវភៅនេះ ចំនួន១០០០ក្បាល សម្រាប់លក់ចែកជូនដល់អ្នកចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យក៏ដូចជាអ្នកដែលចង់ចេះចង់ដឹងពីវិស័យអចលនទ្រព្យ ។ លោកមិនទាន់ប្រាកដទេថាស្នាដៃបន្ទាប់របស់លោកនឹងចេញទៀតឬក៏យ៉ាងណា ក្នុងពេលលោកជាអ្នកវិនិយោគ ហើយមិនសូវមានពេលវេលាទំនេរច្រើនឡើយ។

លោកបានថ្លែងថា “បើសិនជាខ្ញុំទំនេរ ខ្ញុំនឹងនិពន្ធសៀវភៅប្រភេទនេះបន្តបន្ទាប់ដើម្បីចែករំលែកចំណេះដឹងបទរបស់លោកក្នុងវិស័យអចលនទ្រព្យ ចែកជូនអ្នកអាន សម្រាប់ជាគន្លឹះខ្លះៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here