ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដោយបានលើកកម្ពស់ផ្លូវដែលមានស្រាប់ផង និងអភិវឌ្ឍន៍ផ្លូវថ្មីៗផង។

ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដោយបានលើកកម្ពស់ផ្លូវដែលមានស្រាប់ផង និងអភិវឌ្ឍន៍ផ្លូវថ្មីៗផង។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានជំរុញឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវនោះកាន់តែមានសន្ទុះងើបឡើង។
បើតាមការសង្កេតរបស់អ្នកជំនាញ នៃក្រុមហ៊ុនវាយតម្លៃអចលនវត្ថុកម្ពុជាបានបង្ហាញថា ផ្លូវសំខាន់ៗដែលទើបសាងសង់មួយចំនួនបាន និងកំពុងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យ និងតម្លៃដីធ្លីកាន់តែមានសន្ទុះ ក្នុងនោះគេសង្កេតឃើញថា ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង កាត់តាមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង កំពុងសាងសង់ តែតម្លៃដីធ្លីចាប់ផ្ដើមហក់ឡើងក្រឺតៗតែម្ដង។
ក្រៅពីនេះ ផ្លូវសំខាន់មួយទៀតនៅក្នុងខេត្តកោះកុង ដែលតភ្ជាប់ពីតំបន់ដាច់ស្រយាលទៅកាន់តំបន់ទីរួមខេត្តកោះកុង ក៏បាននិងកំពុងជំរុញដីធ្លី កាន់តែមានសន្ទុះនិងជាចំណាប់របស់អ្នកវិនិយោគក្នុងវិស័យដីធ្លីផងដែរ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ ក្រុមហ៊ុនអចលនទ្រព្យមួយបានឱ្យដឹងថាគម្រោងផ្លូវជាតិលេខ៣ ដែលតភ្ជាប់ខេត្តសំខាន់៣ នៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិន ក្នុងការស្វែងរកការវិនិយោគ។

តំបន់តាមបណ្ដោយផ្លូវជាតិថ្មីមួយនេះ នឹងក្លាយជាទិសដៅក្នុងការដឹកជញ្ជូនទំនិញនិងទេសចរដ៏សំខាន់នៅពេលខាងមុខ។ ផ្លូវនេះមានប្រវែង១៩៨គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ ដែលអភិវឌ្ឍជាផ្លូវក្រាលកៅស៊ូ២ស្រទាប់ និងបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីចុងខែធ្នូ២០១៩ និងចំណាយទឹកប្រាក់សាងសង់ ប្រមាណ១៨៨លានដុល្លារអាមេរិក ហើយមកដល់ពេលនេះ សាងសង់បានប្រមាណជាង៥០ភាគរយ និងបញ្ចប់នៅអំឡុងឆ្នាំ២០២៤ខាងមុខ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានលើកឡើងពីហេតុផលស្រដៀងគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់ នឹងបង្កើនភាពទាក់ទាញដល់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ជាក់ស្ដែងកន្លងមកទីណា មានការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទីនោះតែងតែទទួលបានគម្រោងវិនិយោគទៅដល់ផងដែរ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងផងដែរថា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ មានសារសំខាន់ដល់ការធ្វើដំណើររបស់ពលរដ្ឋនិងទេសចរ ក៏ដូចជា វិនិយោគិនបែបនេះ ទើបរាជរដ្ឋាភិបាលបានខិតខំក្នុងការសន្សំថវិកាផងនិងកៀងគរថវិកា ពីខាងក្រៅប្រទេសផង ដើម្បីសាងសង់ផ្លូវកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា តភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តទៅបណ្ដាខេត្តផ្សេងៗ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាចំណុចគន្លឹះមួយ ដែលទាក់ទាញការអភិវឌ្ឍ និងការវិនិយោគពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដោយមើលឃើញកំលាំងចលករនេះហើយ ទើបរាជរដ្ឋាភិបាលបានវិនិយោគ ទឹកប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីសម្រួលការដឹកជញ្ជូនផង លើកកំពស់ជីវភាពប្រជាពលរដ្ឋផង ធ្វើឲ្យមានលំហូរប្រជាពលរដ្ឋទៅកាន់គ្រប់ទីកន្លែងផង និងធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសផង។
លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាសសៃឈាមសេដ្ឋកិច្ចជាតិ ហេតុនេះទើបការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស នៅតែជាគោលនយោបាយអាទិភាពរបស់សម្តេចតេជោ”៕