ដោយសហការី
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានតម្រូវឱ្យម្ចាស់យានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេសស្លាកលេខ ខ.ម និង ន.ប ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថារដ្ឋាភិបាលបានលើកសំណើអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេសស្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។
តាមរយៈលិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ណចុះថ្ងៃទី២កញ្ញា លោក បានណែនាំថា ចំពោះយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេងនិងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្ត មួយឆ្នាំទៀតប៉ុណ្ណោះ។
លោកបានបន្តថាការបង់ពន្ធនេះពុំមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធនិងអាករនាំចូល យានយន្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននោះឡើយ។
លោកបានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្តនិងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធនិងអាករនាំចូល។
ចំណែកអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយក្នុងការទប់ស្កាត់និងបង្ក្រាប ការរត់ពន្ធរថយន្តចង្កូតស្ដាំចូលមកកម្ពុជា។
លោកបានជំរុញឱ្យគ្រប់ក្រសួងនិងស្ថាប័ន ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជា រថយន្ត ពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងទម្រង់ណាមួយក្នុងការទទួលស្គាល់ រថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណី រកឃើញបុគ្គលដែលមានការពាក់ព័ន្ធ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។
លើសពីនេះទៀតត្រូវបានអនុញ្ញាតឱ្យបង់ពន្ធនិងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុកជាលើកចុងក្រោយ តែត្រូវកែចង្កតពីស្តាំមកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះមានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យដោះបំបែកជាគ្រឿងបន្លាស់ឬកម្ទេចចោល។
ពាក់ព័ន្ធបញ្ហារថយន្តចង្កូតស្តាំនេះដែរ លោកឧត្តសេនីយឯក ឯកសំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដាក់បទបញ្ជឱ្យទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេសកម្ពុជា។
លោក ឧត្តសេនីយឯក បានចេញបទបញ្ជាឱ្យគ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្ដោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាពនិងបណ្ដាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាតនូវការលួចនាំចូលរថយន្តចង្កូតស្តាំតាម
ច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែន។
លោក ឧត្តសេនីយឯកបានមានប្រសាសន៍ថាក្នុងករណីមានយោធិនណាឃុបឃិតក្នុងការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំ ដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់។
លោក ឧត្តសេនីយឯកបានណែនាំឱ្យមេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣នៅប៉ៃលិន-សំឡូត និងទិសទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះ ដល់មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានឆាប់បំផុត៕