ដោយៈសុខុម
សិង្ហបុរី: ប្រទេសសិង្ហបុរី មានគម្រោងនាំចូលពលករបម្រើការងារ តាមផ្ទះពីកម្ពុជា ខណៈតម្រូវការសេវាជូតសម្អាតផ្ទះក្រៅម៉ោង ក្នុងប្រទេសនេះកើនឡើងខ្ពស់ អំឡុងវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៦ កញ្ញា នេះ។
កាលពីចុងឆ្នាំមុន លោក Marcus Lim បានទំនាក់ទំនងទៅក្រុមហ៊ុនផ្ដល់សេវាកម្មជូតសម្អាតផ្ទះចំនួន៤ ដើម្បីសួរអំពីសេវាកម្មជូតសម្អាតផ្ទះក្រៅម៉ោង។ ហើយមានតែក្រុមហ៊ុន២ប៉ុណ្ណោះដែលទាក់ទងមកគាត់វិញ។
បុរសវ័យ៣៨ឆ្នាំរូបនេះ ចង់ជួលមនុស្សឱ្យមកជួយសម្អាតអាផាតម៉ិន របស់គាត់២សប្ដាហ៍ម្ដង ប៉ុន្តែក្រុមហ៊ុនទាំងនោះប្រាប់គាត់ថា ពួកគេគ្មានមនុស្សទេ។ ពួកគេនឹងទទួលយកការងារនេះ ប្រសិនបើគាត់ប្រើសេវាជូតសម្អាតប្រចាំសប្តាហ៍។ ក្រោយព្យាយាមរកបន្តទៀត ទីបំផុតគាត់ជួលបានស្ត្រីជនជាតិសិង្ហបុរី ម្នាក់ដែលជួយជូតសម្អាតផ្ទះរបស់គាត់២ដងក្នុងមួយខែ។
តម្រូវការសេវាកម្មជូតសម្អាតផ្ទះ បានកើនឡើងខ្លាំង ដោយក្រុមហ៊ុននានាទទួលបានកំណើនពី២០ភាគរយ ទៅ៥០ភាគរយ ចាប់តាំងពីផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ មក។
លោកDaniel Thong ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ផ្ដល់សេវាជូតស ម្អាតផ្ទះ Nimbus បានលើកឡើងថា ក្រុមហ៊ុនរបស់លោកទទួលបាន “កំណើនជិត៥០%”ដែលភាគច្រើន ដោយសារមនុស្សងាកទៅធ្វើការងារពីផ្ទះកាន់តែច្រើន និងនៅផ្ទះច្រើនជាងមុន។ ក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធមួយឈ្មោះ Rooma ដែលផ្តល់សេវាកម្មថែទាំផ្ទះតាមតម្រូវការ និងសេវាកម្មជូតសម្អាតផ្ទះក្រៅម៉ោងផងដែរ។
*កម្មវិធីសេវាកម្មជូតសម្អាតផ្ទះតាមគ្រួសារ
ក្រុមហ៊ុនផ្ដល់សេវាកម្មជូតសម្អាតផ្ទះមួយទៀត ដែលមានឈ្មោះថា Ministry of Clean ទទួលបានកំណើនជាង២០ភាគរយ សម្រាប់តម្រូវការសេវាកម្មជូតសម្អាតផ្ទះ។ លោក Rio Goh នាយកក្រុមហ៊ុននេះថ្លែងថា តម្រូវការខ្លះចេញពីការបោសសម្អាតក្រោយពេលរើចេញ នៅពេលដែលពលករបរទេសចាកចេញពីសិង្ហបុរី ឬការជូតសម្អាតបណ្ដោះអាសន្ន ខណៈគ្រួសារនានារង់ចាំអ្នកបម្រើការងារ តាមផ្ទះដែលពួកគេបានជួលមកដល់។
ដោយសារតែការរឹតបន្តឹងព្រំដែន ការមកដល់របស់ពលករបរទេស ដែលបម្រើការងារតាមផ្ទះ ត្រូវបានពន្យារពេលសម្រាប់គ្រួសារជាច្រើន នៅក្នុងប្រទេសដែនកោះដ៏តូចមួយនេះ។ ក្រុមហ៊ុន Ministry of Clean បានបន្តថា តម្រូវការសេវាកម្មបាញ់ថ្នាំសម្លាប់មេរោគក៏កំពុងកើនឡើងផងដែរ។
ទាំងក្រុមហ៊ុន Nimbus និងក្រុមហ៊ុន Ministry of Clean សុទ្ធតែស្ថិតក្រោមកម្មវធីសេវាកម្មជូតសម្អាតផ្ទះ តាមគ្រួសារដែលមានឈ្មោះថា Household Services Scheme។
ក្រសួងនាំពលករ (MOW) របស់សិង្ហបុរីបានអនុម័តកម្មវិធីនេះ ជាផ្លូវការកាលពីថ្ងៃទី០១ កញ្ញា។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅឆ្នាំ២០១៧ ដោយមាន១៥ក្រុមហ៊ុនចូលរួម។ ក្រសួងនេះនិយាយថា បច្ចុប្បន្នមានក្រុមហ៊ុនចូលរួមចំនួន៧៦ដែលផ្តល់សេវាកម្ម ជូតសម្អាតផ្ទះដល់ជាង១០.០០០គ្រួសារ។
ក្រុមហ៊ុនទាំងនេះ ត្រូវបានអនុញ្ញាតឱ្យជួលពលការិនី មកពីឥណ្ឌា យ៉ាន់ម៉ា ស្រីលង្កា និងថៃ បន្ថែមពីលើប្រទេស ឬតំបន់មានស្រាប់ ដែលត្រូវបានអនុម័តសម្រាប់វិស័យសេវាកម្មនេះ។ ទន្ទឹមនេះប្រទេសកម្ពុជា ក៏នឹងត្រូវដាក់បញ្ចូលបន្ថែមក្នុងបញ្ជីប្រទេសដែលបានអនុម័តនេះនៅថ្ងៃពុធ ទី៨ កញ្ញា ផងដែរ។
ក្រុមហ៊ុននានាដែលស្ថិតក្រោមកម្មវិធីខាងលើនេះ ក៏អាចដាក់ពាក្យសុំប័ណ្ណការងារបន្ថែមដើម្បីជួលកម្មករ បម្រើការងារតាមផ្ទះបានបន្ថែមទៀតផងដែរ។
*ពលករបម្រើការងារតាមផ្ទះទៅពីកម្ពុជា
សារព័ត៌មាន CNA បានទំនាក់ទំនងទៅក្រុមហ៊ុននានា ដែលជួលពលករមកពីប្រទេសជាច្រើនរួមមានសិង្ហបុរី ម៉ាឡេស៊ី ចិន មីយ៉ាន់ម៉ា ឥណ្ឌា និងស្រីលង្កា ជាដើម។ ហើយក្រុមហ៊ុនជួលពលករធ្វើការងារ តាមផ្ទះមួយឈ្មោះ Clean Lab ដែលទទួលបានកំណើន៥០%បានបញ្ជាក់ថា ខ្លួនមានគម្រោងជួលពលករធ្វើការងារ តាមផ្ទះពីប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង៕