ការអភិវឌ្ឍផ្ទះលំហែកាយនៅកម្ពុជាកាន់តែពេញនិយម

0

ដោយ៖ សុវណ្ណវឌ្ឍនៈ

ភ្នំពេញ ៖ ផ្ទះលំហែកាយបាននិងកំពុងមានការអភិវឌ្ឍនិងរីករាលដាលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា និងកំពុងមានការពេញនិយមជាបណ្ដើរៗ នៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា  ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាមួយចំនួន ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាកាលពីដំបូងឡើយការអភិវឌ្ឍផ្ទះលំហែកាយនៅកម្ពុជា គឺគ្រាន់តែអភិវឌ្ឍន៍នៅតំបន់ជាយៗក្រុងនិងទុកសម្រាប់លំហែ ប៉ុន្តែមកដល់ពេលនេះ ការអភិវឌ្ឍផ្ទះលំហែកាយនៅកម្ពុជាបានរាលដាលទៅកាន់បណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពត កែប និងក្រុងព្រះសីហនុ និងមានក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរហើយក៏មានគម្រោងមួយចំនួនទៅកាន់ទឹកដីខេត្តសៀមរាប   

លោកបន្តថា ជាទិសដៅនៅពេលអនាគតនឹងមាននៅបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តមណ្ឌលគីរី ពីព្រោះថាបណ្ដាខេត្តទាំងនេះជាទិសដៅនិងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍជាមុំបួននៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការ និងមួយទៀតដើម្បីជួយរុញច្រានឱ្យខឿនសេដ្ឋកិច្ចជួបគ្នានៅកណ្ដាលរាជធានីភ្នំពេញ ក្នុងនោះមានកំពត កែប ក្រុងព្រះសីហនុ សៀមរាប និងមណ្ឌលគីរី ។ 

លោកបន្ថែមថា ផ្ទះលំហែ គឺគេចង់និយាយពីការភ្ជាប់ខេត្តនិងក្រុង ទៅនឹងតំបន់ដែលគេអាចធ្វើដំណើរទៅលំហែកាយបាននៅចុងសប្ដាហ៍ ហើយភាគច្រើននៃផ្ទះទាំងអស់នេះគេសម្រាកនិងស្នាក់នៅតែថ្ងៃចុងសប្ដាហ៍សម្រាប់អ្នកដែលមមាញឹកនឹងការងារហើយចង់លំហែខួរក្បាលនៅថ្ងៃសម្រាក ។ទន្ទឹមនឹងនោះផងដែរ បរិបទនៃការប្រើប្រាស់ផ្ទះលំហែកាយនៅបណ្ដាប្រទេសជឿនលឿន គេរៀបចំជាពីរប្រភេទទៀត គេឱ្យឈ្មោះ Public Holiday home ដែលមានន័យថាវិនិយោគិនអាចទិញផ្ទះនៅក្នុងរយៈពេលណាមួយ ទៅតាមកិច្ចសន្យាទិញផ្ទះនោះ ដូចជាការទិញរយៈពេលប៉ុន្មានថ្ងៃក្នុងមួយឆ្នាំ និងមួយទៀតគឺប្រភេទផ្ទះ Private Holiday home គឺទិញផ្ដាច់សម្រាប់ស្នាក់នៅពេលណាក៏បាន ។

លោក ឌិន ស៊ីថាអគ្គនាយកក្រុមហ៊ុន Forest Harmony Co.,Ltd បានឱ្យដឹងថា នៅពេលពលរដ្ឋមានផ្ទះមួយជាអចិន្ត្រៃយ៍ ពួកគាត់នឹងចង់បានផ្ទះមួយទៀតក្នុងក្ដីសុបិន្ត ឬហៅថាផ្ទះលំហែកាយសម្រាប់សម្រាកលំហែនៅពេលថ្ងៃឈប់សម្រាក ។ 

លោកបន្តថា នៅពេលបច្ចុប្បន្ននេះ យើងមើលឃើញថាមានវិនិយោគិនជាច្រើនចាប់ផ្ដើមសម្លឹងមើលទៅរកផ្ទះទី២ ហើយពួកគេកំពុងសម្លឹងមើលទីតាំងសក្ដានុពលណាមួយសម្រាប់ទិញផ្ទះប្រភេទនេះទុកសម្រាកនៅពេលចុងសប្ដាហ៍ ហើយក្នុងនោះដែរខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាក៏កំពុងតែទទួលបានការអភិវឌ្ឍផ្ទះប្រភេទនេះសម្រាប់បំពេញតម្រូវការផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here