ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនCMC Real Estate អ្នកនាងគ្រុយ ស្រីខួចបានសម្រេចតែងតាំងលោកសាវិន ហ្វីលីពដែលជាតារាភាពយន្តល្បីល្បាញមួយរូប ជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ដើម្បីជួយលើកកំពស់កិត្តិនាម និងការផ្សព្វផ្សាយពីក្រុមហ៊ុន។
អ្នកនាងគ្រុយ ស្រីខួចបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ កញ្ញានេះថា ការសម្រេចតែងតាំងនេះ មានគោលដៅជួយលើកកំពស់ការផ្សព្វផ្សាយ ពីក្រុមហ៊ុនឲ្យកាន់តែមានភាពល្បីល្បាញ ក៏ដូចជាជួយជម្រុញការលក់លំនៅដ្ឋានបុរីGB Residence តម្លៃ៦២លានដុល្លារឲ្យបានទទួលជោគជ័យលឿន ដែលអាណត្តិទូតសុឆន្ទៈរបស់លោកសាវិន ហ្វីលីពមានរយៈពេល៥ឆ្នាំ។
អ្នកនាងបន្តថា “គោលដៅនៃការតែងតាំងនេះ គឺជាការជម្រុញ និងធ្វើឲ្យការលក់បុរីនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ទទួលបានជោគជ័យលឿន និងតាមផែនការដែលបានដាក់ចេញ”។អ្នកនាងបន្តថា “លោកសាវិន ហ្វីលីពក៏នឹងធ្វើជាដៃគូសហការលក់គម្រោងបុរីនេះផងដែរ”។
ក្រុមហ៊ុនCMC Real Estateជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយ ដែលទទួលបានជោគជ័យលឿន ដោយសារក្រុមហ៊ុននេះមានធនធានមនុស្សជំនាញ និងបទពិសោធន៍រយៈពេលវែងលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ពិសេសក្រុមហ៊ុននេះបានទទួលសិទ្ឋលក់ផ្តាច់មុខបុរីGB Residence ដែលមានតម្លៃរហូតដល់៦២លានដុល្លារ និងមានទីតាំងនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣។
ជាមួយគ្នានេះ លោកសាវិន ហ្វីលីពបានសរសសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយបានសម្តែងអំណរគុណដល់អ្នកនាងគ្រុយ ស្រីខួច ដែលបានតែងតាំាំងលោកជាទូតសុឆន្ទៈរបស់បុរីGB Residence និងធ្វើជាដៃគូលក់បុរីGB Residence លើផ្ទៃដី៩ហិកតា និងមានតម្លៃសរុបរហូតដល់៦២លានដុល្លារអាមេរិក របស់លោកឧកញ៉ាតាំង គួងហាវ ស្ថិតនៅជិតរង្វង់មូលគួរស្រូវភ្នំពេញ៕