តំបន់អាស៊ីរងសម្ពាធកាន់តែខ្លាំងឱ្យលុបចោលគម្រោងធ្យូងថ្មថ្មីៗ ខណៈកិច្ចប្រជុំកំពូលUN ស្ដីពីបម្រែបម្រួលអាកាសធាតុ

0

ដោយៈសុខុម

គូឡាឡាំពួ: ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ដោយប្រទេសចំនួន៦នៅអាស៊ី គ្របដណ្ដប់ដល់ទៅជាង៨០% នៃគម្រោងថាមពលដើរដោយធ្យូងថ្ម ដែលបានគ្រោងទុកថ្មីៗទូទាំងពិភពលោក ការទទួលបានការប្តេជ្ញាចិត្តលុបចោលគម្រោងទាំងនោះ អាចជួយឱ្យកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្ដីពី បម្រែបម្រួលអាកាសធាតុ COP26 នៅខែវិច្ឆិកា ខាងមុខនេះសម្រេចបានលទ្ធផលដ៏ល្អ ឆ្ពោះទៅការបញ្ចប់ការប្រើប្រាស់ថាមពលធ្យូងថ្មដោយជោគជ័យ។

យោងតាមរបាយការណ៍មួយ ដែលអង្គការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុអឺរ៉ុបE3G បានបញ្ចេញនៅថ្ងៃអង្គារ ទី១៤ កញ្ញា នេះបង្ហាញថា សមត្ថភាពផលិតថាមពលធ្យូងថ្មថ្មីៗ ដែលត្រូវបានស្នើឡើងទូទាំងពិភពលោក បានធ្លាក់ចុះរហូតដល់ទៅ៧៦% ចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ដោយមានប្រទេសចំនួន៤៤បានព្រមព្រៀងបញ្ចប់គម្រោងថ្មីៗ។

ទោះជាយ៉ាងណា ការចូលរួមរបស់អាស៊ី នៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ពិតជាសំខាន់ខ្លាំងណាស់ ព្រោះបើមានការចូលរួមពីប្រទេសត្រឹមតែ៦ដែលមានចិន ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី តួកគី និងបង់ក្លាដែស គឺអាចលុបចោលគម្រោង ដែលបានគ្រោងទុកទាំងនេះ ដល់ទៅជាង៤ភាគ៥ឯណោះ។

ការបញ្ចប់ការប្រើប្រាស់ធ្យូងថ្ម ជាឥន្ធនៈហ្វូស៊ីលដែលបំពុលបរិយាកាសខ្លាំងបំផុតសម្រាប់ការផលិតថាមពលអគ្គិសនី បានក្លាយជាចំណុចផ្តោតយកចិត្តទុកដាក់ដ៏សំខាន់សម្រាប់សកម្មជនបម្រែបម្រួលអាកាសធាតុ ដើម្បីឈានទៅដល់ការបញ្ឈប់ការផ្តល់មូលនិធិ និងការធានារ៉ាប់រងសម្រាប់គម្រោងថ្មីៗ។

ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ឱ្យបានយ៉ាងឆាប់រហ័ស ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ណាស់ ចំពោះគោលដៅសកល នៃការកាត់បន្ថយការឡើងកម្ដៅរបស់ភពផែនដី និងដើម្បីបញ្ចៀសគ្រោះធម្មជាតិ ដូចជា ព្យុះកាន់តែកំណាច ទឹកជំនន់ ភ្លើងឆេះព្រៃ និងដំណាំមិនបានផលជាដើម។

ប៉ុន្តែធ្យូងថ្មនៅតែជាចំណែកដ៏សំខាន់ សម្រាប់ផលិតថាមពលនៅអាស៊ី ដែលគ្របដណ្ដប់៧៥%នៃតម្រូវការធ្យូងថ្មពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)៕  CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here