រោងចក្រផ្គុំ និងតម្លើងរថយន្តម៉ាកFord ថ្មីមួយបង្កើតឡើងនៅខេត្តពោធិសាត់ក្នុង តម្លៃវិនិយោគប្រមាណ២១លានដុល្លារ

0

ដោយៈសុជាតា

ពោធិសាត់ៈរោងចក្រផលិតរថយន្ត Ford ថ្មីមួយទៀត គ្រោងនឹងតម្លើងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណចន្លោះពី៤០០ ទៅ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោ​គរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA  Cambodia បានប្រាប់Property Area Asia នៅថ្ងៃទី ១៤ ខែកញ្ញា ថា ក្រុមហ៊ុនពិតជាបណ្តាក់ទុនវិនិយោគលើ គម្រោងបង្កើតរោងចក្រតម្លើងរថយន្ត នៅខេត្តពោធិសាត់ប្រាកដមែន ដោយការវិនិយោគសម្រាប់រយៈពេល ៥ ឆ្នាំ ក្នុងតម្លៃ ២១ លានដុល្លារ ដោយរំពឹងទុកនឹងតម្លើងរថយន្ត ប្រមាណ៤៥០០ គ្រឿងសម្រាប់ឆ្នាំទីមួយ។

ជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ដោយបានលើកឡើងថា ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតះជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំនិងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

លោកសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍​សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here