បណ្តាខេត្តចំនួន៥នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស

0

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បណ្តាខេត្តចំនួន៥ ក្នុងចំណោមរាជធានីខេត្តទាំង២៥នៅកម្ពុជា ត្រូវបានវិនិយោគិនមួយចំនួនកំណត់ជាមុំទាំង៤ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត ហើយខេត្តទាំង៤នេះដែរ នឹងក្លាយជាចំណាប់អារម្មណ៍ សម្រាប់វិនិយោគិនជាតិអន្តរជាតិលើការបណ្ដាក់ទុនវិនិយោគនៅពេលអនាគតផងដែរ ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ កញ្ញានេះថា ខេត្តចំនួន៤ដែលចាត់ទុកជាមុំទាំង៤នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមាន ខេត្តកំពត កែប ( តែមួយ) ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តមណ្ឌលគីរី ។ បច្ចុប្បន្នឃើញថា មុំ៣បានអភិវឌ្ឍន៍បណ្ដើរៗហើយ ដូចជាខេត្តកំពត កែប ខេត្តព្រះសីហនុ ខេត្តសៀមរាប ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់តំបន់ទាំងនោះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តទាំងនោះផ្ទាល់។

សម្រាប់ខេត្តមណ្ឌលគីរីក៏ឃើញថា កំពុងតែមានការយកចិត្តទុកដាក់អភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។

លោកច្រឹក សុខនីមបានបន្តថា នៅពេលអនាគតខេត្តមណ្ឌលគីរី នឹងទទួលបានការវិនិយោគ និងអភិវឌ្ឍច្រើន ជាពិសេសទៅលើវិស័យទេសចរណ៍ ដោយសារតែខេត្តមួយនេះ សំបូរទៅដោយតំបន់រមណីយដ្ឋានបែបធម្មជាតិច្រើន ដូច្នេះអនាគតវានឹងទាក់ទាញនូវការអភិវឌ្ឍលំនៅឋានសម្រាប់លំហែកាយ ។

ចំណែកលោក មាឃ រឹទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យ Zillion Holding ប្រចាំខេត្តមណ្ឌលគីរីក៏បានឱ្យដឹងផងដែរ មណ្ឌលគីរីចាប់ផ្ដើមមានវិនិយោគិន ក្នុងស្រុកចាប់អារម្មណ៍លើការវិនិយោគបណ្ដើរៗហើយ ជាពិសេសលើវិស័យទេសចរណ៍ ទោះបីជាមានការប្រឈមនឹងវិបត្តិកូវី១៩ក្ដី ។

លោកបន្តថា ទោះបីជាមានការវិនិយោគជាបន្តបន្ទាប់ក៏ពិតមែនក្ដី តែតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ មិនសូវមានការប្រែប្រួលឡើងថ្លៃប៉ុន្មាននោះទេ គ្រាន់តែសកម្មភាពទិញលក់ដីធ្លីនៅក្បែរតំបន់រមណីយដ្ឋាននានា បានកក្រើកឡើងក្នុងវិបត្តិនេះ ។

ក្រសួងទេសចរណ៍ ដែលជាសេនាធិការនៃរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធាន សម្រាប់វិស័យទេសចរណ៍ និងត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅពេលខាងមុខ ហើយក៏រំពឹងថា កំណើនភ្ញៀវទេសចរទៅកាន់ទឹកដីខេត្តមណ្ឌលគីរី នឹងមានកំណើនកាន់តែច្រើន នឹងធ្វើឱ្យចំណូលនៅក្នុងខេត្តមួយនេះកាន់តែច្រើនងផដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here