ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខា តាមរយៈប្រព័ន្ធវីឌីអូអនឡាញ កាលពីរសៀលថ្ងៃទី១៦កញ្ញា២០២១ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន និងបណ្តាសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ។
លោកបណ្ឌិតបន្តថា “កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹង យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និង មធ្យម កសិករ និងសហគ្រិនវ័យក្មេង”។
លោកបន្ថែមថា លើសពីនេះ វានឹងក្លាយជាវេទិកា ដើម្បីឲ្យអ្នកជំនាញខាងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។
លោកបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយហេតុថាសហគ្រាសធុនទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងបង្កើតការងារដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាផងដែរ ដូច្នេះហើយនាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យម (SME Banks of Cambodia Plc.) បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យមជំហានទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់ចំនួន២៦គ្រឹះស្ថាន ដែលមានប្រភពទុនប្រមាណជាង១៦០លានដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រសហគ្រាសធុនតូច និង មធ្យមក្នុងការទទួលបានហិរញ្ញប្បទានមានលក្ខណៈងាយស្រួល និង មានភាពបត់បែន រួមទាំងផ្តល់នូវអត្រាការប្រាក់សមរម្យ ដើម្បីបង្កើននូវពិពិធកម្មសេដ្ឋកិច្ច ។
ជាមួយគ្នានេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែមដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកបដោយការទទួលខុសត្រូវ ។
ចំណែកលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរំលេចដែរថា ការលំបាកនៃការទទួលបានឥណទាន តែងតែត្រូវបានលើកឡើងដោយសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាពិសេសបណ្តាសហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយសារបញ្ហានៃការទទួលបានហិរញ្ញប្បទានពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ បានរារាំងកំណើននៃការរីកចម្រើន នៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “បញ្ហាដែលលំបាកសម្រាប់ទទួលបានហិរញ្ញប្បទាន គឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភពនៃហិរញ្ញប្បទានបំណុល”៕