ការនាំចេញរបស់សិង្ហបុរី រួមទាំងមកកាន់ទីផ្សារកម្ពុជាទទួលបានកំណើនទាប

0

ដោយៈសុខុម

ភ្នំពេញ: ទិន្នន័យដែលទីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី Enterprise Singapore បានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៧កញ្ញា បានបង្ហាញថា ការនាំចេញទំនិញមិនមែនប្រេង (NODX) របស់សិង្ហបុរី រួមទាំងមកកាន់ទីផ្សារកម្ពុជា ផងទទួលបានកំណើនទាបត្រឹមតែ២,៧%ប៉ុណ្ណោះក្នុងខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ទោះបីជាទទួលបានកំណើន៩ខែ ជាប់ៗគ្នាយ៉ាងណាក្ដី ក៏តួលេខកំណើនក្នុងខែសីហា បានធ្លាក់ចុះក្នុងអត្រាទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយខុសគ្នាឆ្ងាយពីអត្រាកំណើន៨,៣% ដែលទីភ្នាក់ងារព័ត៌មាន Reuters បានព្យាករទុក។ ការនាំចេញទំនិញមិនមែនប្រេងទទួលបានកំណើន១២,៧%ក្នុងខែកក្កដា។

ការនាំចេញទំនិញមិនមែនប្រេង បានធ្លាក់ចុះ៣,៦%ក្នុងខែសីហា បន្ទាប់ពីធ្លាក់ចុះ០,៩%កាលពីខែកក្កដា បើធៀបនឹងអត្រាកំណើន២,៤% ដែលក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្យាករទុក។

ការនាំចេញគ្រឿងអេឡិចត្រូនិក ទទួលបានកំណើន១៦,៧%ក្នុងខែសីហា ខណៈការនាំចេញផលិតផល មិនមែនគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ១,៤%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន។

*នាំចេញទៅកាន់ទីផ្សារកំពូលៗ
ការនាំចេញទៅកាន់ទីផ្សារកំពូលៗទាំងមូល ទទួលបានកំណើនក្នុងខែសីហា ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិន និងសហភាពអឺរ៉ុប បានធ្លាក់ចុះ។ កំណើននេះភាគច្រើនទទួលបានពីការនាំចេញទៅកាន់កោះតៃវ៉ាន់ ក្រុងហុងកុង និងប្រទេសម៉ាឡេស៊ី។

ការនាំចេញទៅកាន់កោះតៃវ៉ាន់ ទទួលបានកំណើន៥០.៦% ខណៈការនាំចេញទៅកាន់ទីក្រុងហុងកុង ទទួលបានកំណើន២២,៨% ហើយការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី ទទួលបានកំណើន១៧,៩%ក្នុងខែសីហា។

ការនាំចេញទៅកាន់បណ្ដាទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង (Emerging market) ទទួលបានកំណើនទាបត្រឹមតែ២,៦%ប៉ុណ្ណោះ ក្រោយពីទទួលបានកំណើនខ្ពស់ដល់ទៅ៥៩,៨%ក្នុងខែកក្កដា។ កំណើនទាបនេះភាគច្រើន ដោយសារការធ្លាក់ចុះនូវការនាំចេញទៅកាន់អាស៊ីខាងត្បូង ឡាវ មីយ៉ាន់ម៉ា វៀតណាម និងមកកាន់កម្ពុជា ព្រមទាំងទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ។

ពាណិជ្ជកម្មសរុប ទទួលបានកំណើន១៩,៨%ក្នុងខែសីហា បើធៀបនឹងកំណើន១៨%ក្នុងខែកក្កដា។ ក្នុងនោះការនាំចូលទទួលបានកំណើន១៧,៤% ហើយការនាំចេញទទួលបានកំណើន២២,៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here