ប្រទេសអនុតំបន់មេគង្គ (GMS) បង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេស​ចរណ៍មេគង្គបានសម្រេចបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។

កិច្ចប្រជុំកាលពីសប្តាហ៍មុន ដោយមានការចូលរួមពី ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឲ្យប្រទេសកម្ពុជា បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាលនៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ។

អង្គប្រជុំបានផ្តោតសំខាន់ទៅលើចំណុចមួយចំនួនរួមមាន ទី១ ស្ថានភាពទេសចរ​ណ៍ ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២ ការស្តារ និងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ ទី៣ ផែនការស្តារទំនាក់ទំនងទេសចរណ៍ មហាអនុតំបន់មេគង្គ និងទី៤ការបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។

ការប្រជុំតាមរយៈប្រព័ន្ឋ Zoom នេះ ទទូលបានលទ្ឋផលជាច្រើនរួមមាន ទី១ អង្គប្រជុំបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលោក Jens Thraenhart ដែលបានដឹកនំាអង្គភាព MTCO បានយ៉ាងល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍មេគង្គ ជាគោលដៅទេសចរណ៍តែមួយ និងអបអរសារទរចំពោះនាយកប្រតិបត្តិថ្មី ដែលនឹងចូលបម្រើការងារនៅអំឡុងខែតុលា ខាងមុខ និងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់តំបន់មេគង្គ ផែនការងាររបស់ MTCO និងពង្រឹងទេសចរណ៍ ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

ទី២ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល និងបានឯកភាពទាំងស្រុង លើផែនការស្តារទំនាក់ទំនងទេស​ចរណ៍ឡើងវិញក្នុងមហាអនុតំបន់មេគង្គ ដែលគ្រោងនឹងប្រកាសប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ២០២១ ក្រោមជំនួយបច្ចេកទេស និងថវិកាសម្រាប់ការអនុវត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការបញ្ជូលកីឡាទេសចរណ៍ផងដែរ។

ទី៣ កម្ពុជាគ្រោងស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ទទួលអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ជាផ្លូវការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់ លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ និងការស្តារវិស័យទេសចរណ៍ឡើងវិញ។

ទី៤ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយបរិយាប័ន្ន ក្នុងវិស័យទេសចរណ៍ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបង្ហាញជំហ៊របន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់តំបន់ GMS បន្ថែមទៀតស្របតាមរយៈ ក្របខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូល GMS កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ តំណាងឲ្យកម្ពុជាក៏បានលើកពីការខិតខំជំរុញការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំ ទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here