ដោយៈវឌ្ឍនៈ
កណ្តាលៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់ឲ្យដំណើរការកំពង់ផែLM17 ជាផ្នែកមួយនៃកំពង់ផែសស្វយ័ត្នភ្នំពេញ ដែលហេដ្ឋារចនាសម្ព័ន្ឋនេះបាននិងកំពុងពង្រីកសមត្ថភាពដឹកជញ្ជូន និងលើកដាក់ទំនិញកម្ពុជា។
លោកហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃកំពង់ផែស្វយ័តក្រុងភ្នំពេញបានមានប្រសាសន៍ ក្នុងពិធីសម្ពោធចំណងផែកុងតឺន័រLM 17 នៅព្រឹកថ្ងៃទី២០ កញ្ញា២០២១នេះថា កំណើនកុងតឺន័រឆ្លងកាត់កំពងផែស្វយ័តក្រុងភ្នំពេញ ជាមធ្យមមានចន្លោះពី១៥ ទៅ១៨ភាគរយ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់មាន២៨១.០៤៣TEU និងឆ្នាំ២០២០មានចំនួន ២៩០.៨៥៧TEU ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ១៩ក៏ដោយ ដែលបរិមាណនេះឈានជិតដល់សមត្ថភាពផ្ទុកសរុបរបស់LM 17 ជំហានទី១និងជំហានទី២ ។
លោកបន្តថា “ឆ្លើយតបនឹងកំនើនកុងតឺន័រឆ្លងកាត់កំពង់ផែ នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាល ក៏បានសម្រេចអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រLM17 ជំហានទី៣ដំណាក់កាលទី១នេះ”។ លោកបន្តថា “នៅពេលចំណតផែកុងតឺន័រមួយនេះ ដាក់ដំណើរការនឹងធ្វើឱ្យសមត្ថភាពផ្ទុកកុងតឺន័រ បានរហូតដល៤០០ពាន់TEU ក្នុងមួយឆ្នាំ និងគ្រោងពង្រីកជាបន្តបន្ទាប់នៅពេលមានកំណើននៃកុងតឺន័រ”។
ចំណតផែកុងតឺន័រLM17 ជំហានទី៣មានទីតាំងនៅភូមិ កណ្ដាលលើ ឃុំបន្ទាយដែកស្រុកគៀនស្វាយ ខេត្តកណ្ដាលលើផ្ទៃ២,៧៥ហិចតា ប្រើទឹកប្រាក់សាងសង់សរុបចំនួន ១៨,៤លានដុល្លារអាមេរិក ជាថវិការបស់កំពងផែស្វយ័តក្រុងភ្នំពេញ ដែលបានមកពីប្រាក់ចំណេញនិងប្រាក់សន្សំ។
លោកបន្ថែមថា បន្ទាប់ពីអភិវឌ្ឍន៍គម្រោងនេះដោយជោគជ័យ កំពង់ផែស្វយ័តក្រុងភ្នំពេញ ក៏នឹងមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀតក្នុងនោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចំណតកំពង់ផែLM 17 ជំហានទី១ដំណាក់កាលទី២ ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម លើផ្ទៃដីសរុប២,៥ហិចតា និងបង្កើនសមត្ថភាពផ្ទុកកុងតឺន័របាន១០០ពាន់TEU ក្នុងមួយឆ្នាំ។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មានសារសំខាន់ណាស់ ហើយក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណការសូមគាំទ្រ និងជំរុញឱ្យមានការដឹកជញ្ជូ នតាមផ្លូវទឹកនេះឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយការខូចខាតផ្លូវថ្នល់របស់យើង។
លោកបន្តថា “គម្រោងដឹកជញ្ជូនតាមផ្លូវទឹក គឺជាគម្រោងប្លង់មេរបស់យើងដែលត្រូវអភិវឌ្ឍន៍ ដើម្បីពង្រីការដឹកជញ្ជូនផ្លូវឱ្យកាន់តែច្រើន”៕