ដោយៈសុខុម
ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី គ្រោងបង្កើតក្រុមហ៊ុនមេដ៏ធំមួយសម្រាប់គ្រប់គ្រងពីលើរោងចក្រ ផលិតស្ករសរដ្ឋ ក្នុងគោលបំណងកាត់បន្ថយការនាំចូល និងបង្កើនការផលិតស្ករសឱ្យឈានដល់១,៨លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២០ កញ្ញា នេះ។
លោក Mohammad Abdul Gani នាយកប្រតិបត្តិក្រុមហ៊ុនចម្ការអំពៅរដ្ឋ PT Perkebunan Nusantara 3 (PTPN 3) បានថ្លែងទៅកាន់ក្រុមសមាជិកសភានៅថ្ងៃច័ន្ទ នេះថា តាមការរំពឹងទុកថា រោងម៉ាស៊ីនផលិតស្ករសនានា ដែលស្ថិតក្រោមចំណុះក្រុមហ៊ុនចម្ការអំពៅ PTPN 3 មានសត្ថភាពផលិតស្ករស បានចំនួន៨០០.០០០តោននៅឆ្នាំនេះ ហើយនៅឆ្នាំ២០៣០ នឹងបង្កើតសមត្ថភាពផលិត ឱ្យឈានដល់២,៦លានតោនក្នុងមួយឆ្នាំ។
លោកគូសបញ្ជាក់ថា “តាមរយៈការបង្កើនផលិតកម្ម យើងនឹងអាចកាត់បន្ថយការនាំចូល សន្សំសំចៃទុនបម្រុងអន្តរជាតិ ហើយនឹងឈានទៅរកស្ថានភាពមួយ ដែលឥណ្ឌូនេស៊ី មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង”។
នាយកប្រតិបត្តិរូបនេះ បានលើកឡើងបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុន PTPN 3 កំពុងផ្ទេរទ្រព្យសកម្មរបស់ខ្លួនទៅឱ្យក្រុមហ៊ុនមេថ្មី ដែលនឹងបោះទុនវិនិយោគរហូតដល់ទៅ១,៤០ពាន់លានដុល្លារអាមេរិក សម្រាប់ការពង្រីកអាជីវកម្ម រួមទាំងរោងចក្រផលិតស្ករសថ្មីៗផងដែរ។
យោងតាមសារព័ត៌មាន Statista ដែលបានចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញថា នៅក្នុងឆ្នាំ ២០២០ ការនាំចូលស្ករសទៅកាន់ប្រទេសឥណ្ឌូនេស៊ី មានទំហំរហូតដល់ទៅប្រមាណ១,៩៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៦០០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩។ ប្រទេសថៃ ប្រទេសប្រេស៊ីល និងប្រទេសអូស្រ្តាលី គឺជាអ្នកនាំចូលស្ករសធំជាងគេបំផុត ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប្រចាំឆ្នាំ២០២១ នេះ៕ Reuters៕