អ្នកឧកញ៉ាគិត ម៉េងលើកឡើងពីសភមង្គលគ្រួសារ និងប្រាក់

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងមហាសេដ្ឋី ដែលមានមុខជំនួញជាច្រើននៅក្នុងដៃបានលើកឡើងពីសុភមង្គលគ្រួសារ និងទឹកប្រាក់ ដែលអ្នកខ្លះថាមិនអាចទិញសុភមង្គលបាន ប៉ុន្តែក្នុងបរិបទខ្លះវាអាចទិញសុភមង្គលបានច្រើន។

លោកបានសរសរលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២០ កញ្ញានេះថា ភរិយារបស់ខ្ញុំតែងតែលើកឡើងថាកូនៗ គឺជាកំណប់ទ្រព្យធំបំផុតរបស់ពួកយើង។  ពួកគាត់គឺជាគ្រាប់ពូជដែលលូតលាស់បានល្អ លុះត្រាតែយើងអប់រំ ចិញ្ចឹមបីបាច់ថែរក្សា និងបង្ហាញចិត្តសប្បុរសរបស់យើងទៅកាន់ពួកគាត់។  ភរិយារបស់ខ្ញុំតែងតែរំលឹកទៀតថា ទង្វើសប្បុ​រសធម៌ ទោះតូចតាចយ៉ាងណាក៏ដោយ ក៏មិនចាត់ទុកជាទង្វើខ្ជះខ្ជាយឡើយ។  ខ្ញុំពិតជាយល់ស្របទាំងស្រុងជាមួយនឹងគំនិតរបស់អូន ចំណាន។

មនុស្សភាគច្រើននិយាយថា “លុយមិនអាចទិញសុភមង្គលបានទេ”។  ក្នុងបរិបទខ្លះ វាគឺជាការពិត។  ទោះយ៉ាងណាក៏ដោយ ក៏ប្រាក់អាចទិញសុភមង្គលច្រើន សម្រាប់អ្នក នៅពេលដែលប្រាក់ទាំងនោះត្រូវបានផ្តល់ ចែករំលែក និងប្រើប្រាស់ដើម្បីសម្រេចបាននូវផលល្អប្រសើរ ដូចជា ការរួមចំណែកសម្រាប់បុព្វហេតុណាមួយ និងគំនិតផ្តួចផ្តើមដែលសំខាន់សម្រាប់សហគមន៍របស់យើង។

លោកបន្តថា “ខ្ញុំ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានគាំទ្រគំនិតផ្តួចផ្តើមមួយចំនួនដែលយើងជឿជាក់ថា នឹងជួយប្រទេសនិងប្រជាជនរបស់យើងនៅពេលអនាគត។ យុវជន ការអប់រំ និងការថែទាំសុខភាពកុមារ ស្ថិតនៅក្នុងបញ្ជីអាទិភាពរបស់យើង។  ក្នុងនាមជាឪពុកម្តាយ យើងចង់ធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីប្រាកដថាកូនៗរបស់យើង និងកុមារកម្ពុជាទទួលបានការអប់រំ និងការថែទាំសុខភាពប្រកបដោយគុណភាព”។

ជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប យើងបានគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗ ដូចជា មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ និងអង្គការស្នាមញញឹមកម្ពុជា ដែលគាំទ្រដោយក្រុមហ៊ុន វីង ការផ្តល់អាហារូបករណ៍របស់ក្រុមហ៊ុន សែលកាត ដល់សិស្សានុសិស្សក្នុងការសរសេរកូដឌីជីថល ការចែកមួកសុវត្ថិភាពដល់កុមារ ការបង្ហាញអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារ ដែលរៀបចំដោយក្រុមហ៊ុន Ezecom និងការអប់រំលំដាប់អន្តរជាតិ ដែលរៀបចំទ្បើងដោយសាលាអន្តរជាតិសៅប្រីដកម្ពុជា។ យើងប្តេជ្ញាចិត្ត ហើយផ្តោតលើការផ្តល់ឱ្យយុវជនរបស់យើងនូវអនាគតភ្លឺស្វាង។

អ្នកអាចចូលរួមចំណែកបានផងដែរ ដោយបរិច្ចាគ ឬរួមចំណែកដល់គំនិតផ្តួចផ្តើមណាមួយដែលសំខាន់ចំពោះអ្នក។ សូមចូលរួម ឬរៀបចំគំនិតផ្តួចផ្តើមរៃអង្គាសប្រាក់ដើ   ​ម្បី​ប្រមូលសៀវភៅ ស្ម័គ្រចិត្តពេលវេលារបស់អ្នក ដើម្បីបង្រៀនក្មេងៗនៅតំបន់ជនបទ។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា “សូមចងចាំថា ទង្វើសប្បុរសធម៌ទោះក្នុងកម្រិតណាក៏ដោយ ក៏ទង្វើទាំងនោះមិនខ្ជះខ្ជាយឡើយ។  សូមរួមគ្នាដោយការបង្ហាញចិត្តសប្បុ​រស នោះយើងនឹងបង្កើតឥទ្ធិពលវិជ្ជមានមកលើប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here