ដោយៈសុខុម
ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways នឹងចុះកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជិត២ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអាមេរិក General Electric ដើម្បីទិញម៉ាស៊ីន GEnx សម្រាប់បំពាក់លើយន្តហោះ Boeing 787-9 Dreamliner។
ក្រុមហ៊ុន Bamboo Airways បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ ទី២១ កញ្ញា នេះថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាក្នុងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ នេះក្រោមវត្តមានប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក។
ក្រុមហ៊ុននេះនិយាយថា ម៉ាស៊ីន GEnx ដែលនឹងត្រូវប្រគល់ជូននៅឆ្នាំ២០២២ គឺសម្រាប់បំពាក់លើយន្តហោះ Boeing 787-9 Dreamlinerរបស់ខ្លួន។ យន្តហោះដែលមានតួធំទូលាយទាំងនេះ គ្រោងធ្វើការហោះហើរដោយមិនឈប់សំចត តាមផ្លូវរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា “ការចុះកិច្ចព្រមព្រៀងថ្មីនេះ គឺជាសមិទ្ធផលដ៏ធំមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដើម្បីពង្រីកបណ្តាញហោះហើរឆ្លងទ្វីបរបស់ខ្លួន ដោយតភ្ជាប់ប្រទេសវៀតណាម ជាមួយទីផ្សារហោះហើរចម្ងាយមធ្យម និងចម្ងាយឆ្ងាយ”។
ក្រុមហ៊ុនអាកាសចរណ៍នេះបញ្ជាក់ថា ខ្លួននឹងបើកការិយាល័យតំណាងមួយនៅសហរដ្ឋអាមេរិក ហើយនឹងចុះកិច្ចព្រមព្រៀងជាមួយ អាកាសយានដ្ឋានអន្តរជាតិក្រុងសានហ្វ្រានស៊ីស្កូ (San Francisco International Airport) និងអាកាសយានដ្ឋានអន្តរជាតិក្រុងឡូសអែនជើឡេស (Angeles International Airport) នៅសប្តាហ៍នេះ ដោយត្រួសត្រាយផ្លូវ សម្រាប់ការសាកល្បងជើងហោះហើរ មិនឈប់សំចតលើកដំបូងរវាងប្រទេសទាំងពីរនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
ក្រុមហ៊ុននេះនិយាយទៀតថា ខ្លួនមានបំណងបង្ហើយនីតិវិធី សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ដែលមិនឈប់សំចតទៅកាន់សហរដ្ឋអាមេរិក នៅដើមឆ្នាំក្រោយ ដោយរង់ចាំតែការអនុម័តពីរដ្ឋាភិបាលបុណ្ណោះ។
ក្រុមហ៊ុននេះក៏បង្ហើបឱ្យដឹងដែរថា ខ្លួនកំពុងព្យាយាមពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ហើយនឹងបើកផ្លូវហោះហើរបន្ថែមទៀត ទៅកាន់ប្រទេសអូស្ត្រាលី អង់គ្លេស និងអាល្លឺម៉ង់ ដោយប្រើប្រាស់យន្តហោះ Boeing 787-9 Dreamliner របស់ខ្លួន៕ Reuters៕