ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺ Sky Angkor Airline បានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីរៀបចំសេវាកម្មជិះទូកកំសាន្តនៅកសន្ទប្រាសាទអង្គរ ជាផលិតផលថ្មីមួយសម្រាប់វិស័យទេសចរណ៍។
គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ នៅសៀមរាប-អង្គរនេះ ត្រូវបានលើកឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនកាលពីថ្ងៃទី២១ កញ្ញាកន្លងមកនេះ។
លោកថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែលោកក៏បានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូផងដែរ។
គម្រោងវិនិយោគថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលដឹកនាំដោយលោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន។
លោកគូ ថេអូអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កំពុងពិចារណាគម្រោងជិះទូកប្រពៃណី នៅកសិន្ធុប្រាសាទអង្គរវត្ត នៃរមណីដ្ឋានអង្គរ។ ដូច្នេះហើយទើបក្រុមហ៊ុន ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន។
លោកបន្តថា “ប្រសិនបើគម្រោងនេះអាចដំណើរការទៅបាន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី រួមចំណែកក្នុងទាក់ទាញទេសចរកូរ៉េ ក៏ដូចជាទេសចរចិនមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត ដែលអាចជួយដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបើកទេសចរណ៍ឡើងវិញ”។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណតំណាង ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលបានគិតគូរដល់ការដាក់ចេញ នូវផលិតផលទេសចរណ៍ថ្មី សម្រាប់លើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងតំបន់រមណី ដ្ឋានអង្គរ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែយ៉ាងណាក្រសួងទេសចរណ៍ នឹងសហការសម្របសម្រួល ជាមួយក្រុមហ៊ុនបន្ថែមលើសំណើនេះ”។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩” និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ខណៈពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍ក៏កំពុងរៀបចំឯកសារផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ ផងដែរ៕