ប្រយ័ត្នៈមន្ត្រីជាន់ខ្ពស់បរិស្ថានព្រមានចំពោះការទិញលក់ដីធ្លីក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តកំពត

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានលោកនេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន បានព្រមានចំពោះការទិញលក់ដីធ្លី នៅតំបន់ការពារធនធានធម្មជាតិ និងប្រកា​សមិនទទួលស្គាល់ដាច់ខាត លើឯកសារកាន់កាប់ដីធ្លី នៅតំបន់ការពារបរិស្ថាននានា។

លោកថ្លែងបែបនេះ នៅក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរបរិស្ថាន ខេត្តកំពតថ្មីនៅថ្ងៃទី២១ កញ្ញា ២០២១នេះ។
លោកនេត្រ ភត្រាបានលើកឡើងថា គ្មានបុគ្គលណាមានសិទ្ធិលក់ដូរ ផ្ទេរកម្មសិទ្ធិនៅលើដីតំបន់ការពារធម្មជាតិ ដែលជាដីអភិរក្សរបស់រដ្ឋបានឡើយ ។ ក្រសួងសូមធ្វើការបដិសេធរាល់ឯកសាពាក់ព័ន្ធ នឹងកាន់កាប់ដីធ្លីមិនស្របច្បាប់គ្រប់ប្រភេទ ដូចជា ការទន្ទ្រានកាប់កាប់ ការទិញនិងផ្ទេរលក់ដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមានដីឧទ្យានជាតិព្រះមុនីវង្សបូកគោផងដែរ។

លោកបន្តថា កន្លងមកក្រសួងបានស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់ទៅលើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ដីធ្លី ឬប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីធ្លី ឬបញ្ជាក់នៅលើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ នៃដែនសមត្ថកិច្ចរបស់ខ្លួន ។

លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានលើកឡើងផងដែរថា មានភ្ញៀវមួយចំនួនចង់បានដីធ្លី ដែលមានតម្លៃទាប ដោយទិញពីពលរដ្ឋ ហើយអ្នកគួកជេឬអ្នកនាំភ្ញៀវទិញដី ដោយមិនមានវិជ្ជាជីវៈក៏ណែនាំទិញដីពីពលរដ្ឋ ដោយមិនមានប្លង់ច្បាស់លាស់។

លោកបន្តថា “ដូច្នេះក្នុងនាមលោកជាភ្នាក់ងារមួយរូប សូមស្នើឱ្យវិនិយោគិនក៏ដូចជាពលរដ្ឋដែលចង់ទិញនៅកំពត សូមពិនិត្យមើលឯកសារ និងប្លង់ត្រឹមត្រូវ បើមិនបានពឹងពាក់ក្រុមហ៊ុន ឬអ្នកមានវិជ្ជាជីវៈទិញលក់ត្រឹមត្រូវនោះ ពីព្រោះបើសិនជាទិញដីដែលមិនមានប្លង់ត្រឹមត្រូវ នឹងធ្វើឱ្យអ្នកទិញខាតបង់ទាំងថវិកា និងពេលវេលាទៀតផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here